ប្រទេសថៃ៖ នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមប៉ូលិសបានសម្រុកចូលចាប់ជនល្មើសជាច្រើននាក់ដែលសំងំ ក្នុងសណ្ឋាគារមួយកន្លេងដើម្បីធ្វើការឆបោកគេតាមអនឡាញ ក្នុងនោះមានទាំងជនជាតិចិន និងជនជាតិថៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ករណីមួយនេះបានកើតឡើងនៅក្នុង ស្រុក Fang ខេត្ត Chiang Mai ដោយមុននឹងឈានចូលដល់ការចាប់ខ្លួននូវជនល្មើសទាំង ២៤នាក់នោះ ដំបូងឡើយម្ចាស់សណ្ឋាគារដែលពួកគេបានជួលនៅមួយកន្លែងនោះ សង្កេតឃើញថាពួកគេទាំងអស់នោះហាក់ដូចជាបញ្ចេញនូវសកម្មភាពចម្លែងៗ ខុសពីភ្ញៀវធម្មតាទូទៅ ទើបមានការសង្ស័យក៏បានប្ដឹងប៉ូលិសឱ្យមកឆែកឆេរ ក្នុងបន្ទប់របស់ពួកគេ។ ក្នុងនោះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គេបានរកឃើញនូវ កុំព្យូទ័រ Notebook ចំនួន ១០ គ្រឿង ម៉ូនីទ័រ ១០ កុំព្យូទ័រ CPU ចំនួន ១០ គ្រឿង និង ទូរស័ព្ទដៃចំនួន ២២៤ គ្រឿង ស៊ីមកាតចំនួន ៦ និង Flash Drive ចំនួន ២។ ដែលរបស់ទាំងអស់នេះពួកគេប្រើប្រាស់សម្រាប់ដើម្បីបញ្ឆោតជនរងគ្រោះ ទាំងជនជាតិថៃ និងជនបរទេស ជាពិសេសជនជាតិជប៉ុន ដោយវិធីរបស់ពួកគេបង្កើតនិងប្រើប្រាស់គណនីក្លែងក្លាយឡើងមកចូលទៅប្រើកម្មវិធីណាត់ជួបផ្សេងៗ ព្រមទាំងកម្មវិធីអនឡាញ ជាច្រើនផ្សេងទៀតជាឈ្មោះក្លែងក្លាយហើយប្រើរូបភាពរបស់នារីស្រស់ស្អាតដើម្បីបញ្ឆោតជនរងគ្រោះទាំងអស់នោះ បន្ទាប់មកមានការ សន្ទនាបញ្ចុះបញ្ចូលបញ្ឆោតជនរងគ្រោះឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ឬទុកចិត្ត ហើយបន្ទាប់មកនឹងបញ្ជុះចញ្ជូលឱ្យសហការវិនិយោគ ដោយការបើកគណនីនៅក្នុងកម្មវិធី Metatrader ដើម្បីចូលទៅក្នុងដំណើរការក្លែងបន្លំនៃការវិនិយោគប្រាក់ទាំងអស់នោះ។

ក្រោយពីបានរកឃើញមានភ័ស្តុតាងមួយចំនួន ក្រុមប៉ូលិក៏បានធ្វើការចាប់ខ្លួនជនល្មើសទាំង២៤នាក់នោះទៅសាកសួរ ព្រមស៊ើបអង្កេត និងកាត់ទោសទៅតាមផ្លូវច្បាប់បន្តទៀត៕ ប្រភព៖ Khaosod