ខេត្តកំពង់ស្ពឺ៖ សិស្សគេចសាលា នាំគ្នាជិះម៉ូតូដើរលេងបុកគល់ឈើ ស្លាប់២នាក់និងម្នាក់រងរបួសធ្ងន់នៅផ្លូលេខ៤៦ក្នុងស្រុកភ្នំស្រួចហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវក្រាលកៅស៊ូលេខ៤៦ ត្រង់ចំណុចភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងប្រុសចំនួន៣នាក់បានជិះឌុបគ្នាដោយម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខកំពង់ស្ពឺ1D -9311ឡើងលើរមណីយដ្ឋានធម្មជាតិភ្នំគីរីរម្យជាមួយនិងក្មេងៗជាមិត្តភក្ដិច្រើននាក់។ លុះនៅពេលកើតហេតុក៏ឃើញជិះម៉ូតូត្រឡប់មកវិញជាមួយនិងហ្វូងម៉ូតូជាមិត្តភក្តិដែលអមដំណើរក្នុងល្បឿនលឿនចុះចំណោតពីលើភ្នំ។ គ្រានោះម៉ូតូរបស់ក្មេងរងគ្រោះបានជ្រុលធ្លាក់ចេញពីផ្លូវបានបុកជាមួយដើមស្រល់ពេញទំហឹងបណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនិងរងរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាក្មេងប្រុសដែលបានរងគ្រោះថ្នាក់រហូតដល់ស្លាប់មាន ៖
១-ឈ្មោះ ខន សុវិបុល អាយុ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរ
២- ឈ្មោះ ផន លីសីហា អាយុ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ សៀវ សុខជា អាយុ១៥ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។

យោងតាមប្រភពព័ត៌មានពីសិស្សក្នុងអនុវិទ្យាល័យទីរួមខេត្ត(តាំងទន្លេ)បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង៣នាក់នេះគឺជាសិស្សដែលរៀនក្នុងសាលាអនុវិទ្យាល័យទីរួមខេត្តជាមួយគ្នា។

នៅថ្ងៃកើតហេតុនេះក្មេងរងគ្រោះទាំង៣មិនចូលរៀន ហើយនាំគ្នាជិះម៉ូតូទៅលេងនៅរមណីយដ្ឋានគីរីរម្យ ហើយចេញទៅតាំងពីព្រលឹមស្រាងៗដោយមិនបានសុំច្បាប់គ្រូឡើយ។ ក្រោយកើតហេតុទើបដឹងថា ពួកគេគេចសាលាហើយនាំគ្នាដើរលេង។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារកំពុងប្រារព្ធពិធីបុណ្យនៅតាមគេហដ្ឋានរៀងខ្លួន ឯអ្នករងគ្រោះកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ៕