រាជធានីភ្នំពេញ ៖ មន្ដ្រីយោធាពាក់ផ្កាយពីរម្នាក់ ព្រោះតែចិត្តនឹងមានជំងឺប្រចាំកាយ ក៏សម្រេចចិត្តនបញ្ចប់ជីវិតខ្លួនឯង ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចក្នុងផ្ទះលេខ១៣៩ ផ្លូវលេខ៦៥៦ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនរងគ្រោះដែលគិតខ្លី ធ្វើអត្តឃាតខ្លួននេះ មានឈ្មោះ ហេង សារ៉ាន់អាយុ៥០ឆ្នាំ មុខរបរយោធា ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ មានតួនាទីនាយករង នៃនាយកដ្ឋានភូមិសាស្ត្រ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា មានទីលំនៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះ អ៊ុ សុផានី អាយុ៤២ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនមានអាការឈឺក្នុងក្បាលរយៈពេលជាង១០ថ្ងៃមកហើយ លុះនៅព្រឹកកើតហេតុនៅតែមានអាការឈឺក្បាល ហើយគាត់ជាប្រពន្ធបានប្រាប់ប្តីឲ្យទៅមន្ទីរពេទ្យ តែប្តីមិនព្រមទៅ ។ បន្ទាប់មក គាត់បានចេញទៅទិញផ្លែឈើនៅផ្សារ ដើម្បីយកមកឲ្យប្ដីហូប។ លុះដល់ម៉ោង០៩ និង៤៧នាទី ពេលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្តីស្លាប់នៅលើគ្រែ នៅក្បែរខ្លួនមានកាំភ្លើងខ្លីមួយដើម ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង ក៏ស្រែកផ្អើលឆោឡោតែម្តង។
ដោយឡែក ឈ្មោះ ហែម ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះតាមទ្វារខាងក្រោយមកអង្គុយលេងនៅលើបង់ក្នុងបរិវេណនាយកដ្ឋានភូមិសាស្ត្រយោធា ហើយក៏បានទៅអង្គុយជជែកគ្នាលេងជាមួយជនរងគ្រោះ បានបន្តិចជនរងគ្រោះប្រាប់ថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏បានដើរចូលទៅក្នុងផ្ទះវិញ។ លុះបន្តិចក្រោយមកខ្លួនក៏លឺសំឡេងកាំភ្លើងផូង តែមិនចាប់អារម្មណ៍ លុះប្រពន្ធរបស់ជនរងគ្រោះបានមកវិញ ដើរចូលផ្ទះតាមទ្វារខាងក្រោយ ទើបដឹងថា ជនរងគ្រោះបានបាញ់សម្លាប់ខ្លួន។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ ក្រោយពីធ្វើការពិនិត្យនៅកន្លែងកើតហេតុ និងធ្វើការសាកសួរសាច់ញាតិជនរងគ្រោះរួចរាល់ សមត្ថកិច្ចជំនាញ់ ធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង) មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ បន្ទាប់បានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕