ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះមានរឿងរ៉ាវដ៏រន្ធត់​មួយបានកើតឡើង ខណៈតារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា បានបាត់បង់​អ្នកមានគុណទាំង​២ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ​បន្ទាប់ពីត្រឡប់មកពីបំពេញភារកិច្ច​នៅខេត្តព្រះវិហារ។

យ៉ាងណាមិញរហូតមកដល់គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ហេតុការណ៍​ទេ​ថា រថយន្ត​ដែល​បើកបរ​ដោយ​ឪពុក​របស់​សុវត្ថិ​ឌី ធា​រិ​កា មាន​មូលហេតុ​អ្វី​ដែល​បណ្តាល​អោយ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​បែប​នេះ ។

ប៉ុន្តែជាក់ស្ដែងបើយោង​តាម​ឃ្លី​ប​វី​ដេ​អូ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​តារា​សម្តែង នាង ដួង ម៉ា​និ​ច នោះ សុវត្ថិ​ឌី ធា​រិ​កា បាន​រៀបរាប់​ប្រាប់​នាង និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា​ថា នាង​ស្ទើរ​មិន​គួរ​ជឿ​ត្រឹម​រយៈពេល​៥​នាទី​នាង​ត្រូវ​បាន​បាត់បង់​ឪពុក​ម្តាយ​បែប​នេះ​ឡើយ ។

នាង​បញ្ជាក់​ថា តាម​ពិតប្រសិនបើ​ឪពុក​ម្តាយ​របស់​នាង​មិន​មាន​ជំងឺ​ប្រចាំ​កាយ​ទេ​នោះទំនងជា​អ្នក​ទាំង​ពីរ​អាច​រួច​ផុត​ពី​សេចក្តី​ស្លា​​ប់​បាន ។

នាង​ថា ឪពុក​នាង​មាន​ជំងឺលើសឈាម ចំណែក​ម្តាយ​មាន​ជំងឺ​បេះដូង ហេតុនេះ​ក្រោយ​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ ពួក​គាត់​អាច​សន្លប់ ហើយ ប្រសិនបើ​មិន​អ​ញ្ចឹ​ង​ទេ ពួក​គាត់​អាច​ក្រោក​ចេញពី​ឡាន​ដែល​ក្រឡាប់​ធ្លាក់ទឹក​នោះ ។ នាង​បន្ថែម​ថា ពេល​នោះ​នាង​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ឪពុក​ម្តាយ​ដោយ​ការ​ផ្លំ​ខ្យល់​តាម​មាត់ តែ​មិន​អាច​ទៅ​រួច ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​មក​ដល់​ក៏​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់ ។

សុវត្ថិ​ឌី ធា​រិ​កា បាន​លើក​ឡើង​បន្ថែម​ថា តាម​ពិត​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ឪពុក​ម្តាយ​របស់​នាង​បាន​ផុតដង្ហើម មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​មក​ម្ល៉េះ ។

សូមជម្រាបជូនផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅម៉ោងជាង២រសៀល នៅស្រុកឆែប ខេត្តព្រះវិហារ។ ទន្ទឹមដំណឹង​មរណទុក្ខនេះផងដែរគេឃើញមានសិល្បករទូទាំងប្រទេសបានបង្ហាញនូវការចូលរួមរំលែកទុក្ខ និងអារម្មណ៍ក្រៀមក្រំ។ ជាមួយគ្នានោះនៅពិធីបុណ្យសពដែលប្រារព្ធធ្វើនៅវត្តស្ទឺងមានជ័យ ក៏មានសិល្បករ​រង់ចាំ​ទទួលសពទាំងយប់ផងដែរ​ ៕