ភ្នំពេញ៖​ បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយក្នុង​បណ្តា​បុណ្យ​ធំៗក្នុង​ព្រះពុទ្ធសាសនា ដែល​​ប្រទេស​កាន់​ព្រះពុទ្ធសាសនាលើ​សកលលោកតែង​ប្រារព្ធ​ធ្វើពុំដែល​ខានឡើយ អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ នៅប្រទេសកម្ពុជាយើងពិធីនេះត្រូវបាន​រៀបចំឡើងយ៉ាងគគ្រឹក គគ្រេង​​ នៅតាមវត្តអារាម ​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ភ្នំ​ឧដុង្គ ស្ថិតនៅក្នុង​​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ ដោយ​ព្រះសង្ឃ តាអាចារ្យ ដូនជី និង​​​ពុទ្ធ​បរិស័ទ​រាប់​​ពាន់​នាក់ បាន​ជួបជុំ​ដើរ​​ហែ​ក្បួន​​ធម្ម​យាត្រា​នៅក្នុង​ពិធីបុណ្យ​នេះ​។

វិសាខ​បូជា​ ត្រូវបាន​​​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗចំនួន៣ ​នៃ​​សម័យ​កាល​​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម គឺ​​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន ដែលព្រឹត្តិ​ការ​ណ៍​ទាំង៣​នេះ ​គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញ​វង់ ​ក្នុង​ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។​

ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី​៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ហើយការ​​ដែល​មានការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃ​នេះ ជាថ្ងៃដែលកត់សម្គាល់​ដល់​ហេតុការណ៍អស្ចារ្យ​​ទាំង៣​យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មា​សម្ពុទ្ធ​ជាម្ចាស់​។

ចំពោះហេតុ​ដែលនាំឲ្យ​មា​នការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ​៖

ទី១. ព្រះអង្គ​ទ្រង់​ព្រះប្រសូត្រចាកពីព្រះឧទរព្រះមាតា៖ នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជា​ព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះ​កាយក្រោមដើមសាលព្រឹក្ស​។

នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។

ទី២. ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ៖ ក្រោយ​ពីព្រះអង្គចេញ​សាង​ព្រះបួសបានចំនួន​០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

ទី៣. ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន៖ ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល​៤៥ ព្រះវស្សា​រហូតដល់ព្រះជន្មបាន​៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់​៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ​១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។

ការដែលពោលថា ជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះ​សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ​១៥ កើត ខែ​ពិសាខ​ដូចគ្នា ​ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាង​ចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថា​ជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្ស​ភាគច្រើន​កើត និងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គល ដែលគួរដល់ការចងចាំរបស់ពិភព​លោក​។

ក៏ព្រោះហេតុនោះហើយ បានជាអ្នកប្រាជ្ញចងក្រងជាគាថា​ទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ បាន​សេចក្ដីថា ​ព្រះពុទ្ធយាង​ចុះកាន់គភ៌ នៃព្រះវរមាតា ក្នុងថ្ងៃ​ពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជា​ព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។

ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល​២​យ៉ាង គឺទី១. ដើម្បី​នឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។ ទី២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។​​

ប្រវត្តិ​បុណ្យវិសាខ​បូជា៖ ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃពេញ​បូណ៌មីខែពិសាខ​រៀង​ៗ​មក ​តាំង​ពី​បុរាណកាល​។ តាម​ការ​ស្រាវ​ជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ ប្រភព​មួយ​ចំនួន​បានលើកឡើងថា ​ប្រទេសឥណ្ឌា និង​ប្រទេស​លង្កា បាន​​ប្រារព្ធ​ពិធី​បុណ្យ​​នេះ​យូរ​យារ​ណាស់មក​ហើយ​។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី១៩។

នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់​ទុំ ​អ្នក​មុខ​អ្នកកា ​ទាំង​ឡាយ​​ដំណាល​ត​ៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​​រជ្ជកាល​​ព្រះបាទ​​សម្តេច​​ព្រះ​ហរិរក្សមារា (ព្រះអង្គដួង) ដែល​គង់​​នៅ​ក្រុង​ឧត្តុង្គ ក្នុង​ពុទ្ធសករាជ២៣៩៧​ គ្រឹស្តសករាជ១៨៥៤​ ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។

បុណ្យ​វិសាខ​បូជា​ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ ហើយកាលពី​​ឆ្នាំ១៩៩៩​ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ជិត២០០ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ​វិសាខ​បូជា​របស់​ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

ដោយឡែកយើងបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក អូស្រ្ដាលី បារាំង នៅតែមិនចោលឡើយក្នុងការប្រារព្ធពិធីបុណ្យ​វិសាខបូជា នៅតាមវត្តអារាមដែលមាននៅទីនោះ។ ជាមួយគ្នានេះដែរ គ្រប់​​ប្រទេស​​ទាំង​អស់​​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​​នៅភូមិ​​ភាគ​អាស៊ី​​អាគ្នេយ៍​​យើង​នេះ​ក្តី នៅ​ក្នុងពិភព​លោក​ទាំង​មូល​ក្តីតែង​តែ​​ប្រារព្ធ​ធ្វើ​ទិវា​​វិសាខ​​បូជា ខណៈ​​ពុទ្ធ​សាសនិកជន​​ទាំង​អស់​​បាន​ប្រារព្ធ​ពិធី​នេះ​ជា​យូរ​មក​ហើយ… ៕