រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។

លោក ប៉ែន រតនា អ្នកគ្រប់គ្រងសួនផ្កាធិស័ក្ដិ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន មានលក្ខណ:អំណោយផល ទើបម្ចាស់សួនផ្កាលោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក។

កន្លែងនេះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។ ជាមួយគ្នានោះដែរ កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់កំសាន្ដនៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលេននេះ។

កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះ  នៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៦០ហិកតា ជាប់នឹងជើងភ្នំគូលេន៕

ប្រភព: មន្ទីព័ត៌មានខេត្តសៀមរាប