ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងការិយាល័យមួយកន្លែងដែលបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតអស់រាប់សិបនាក់ និងអ្នករងរបួសជាច្រើននាក់ផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។

​ទាក់ទងនឹងហេតុការណ៍ដ៏គួរតក់ស្លុតនេះផងដែរបានកើតឡើងទៅលើអាគារការរិយាល័យកម្ពស់៤ជាន់ស្ថិតនៅ ជិតស្ថានីយ៍រថភ្លើង Mundka Metro Station ភាគខាងលិច ទីក្រុង New Delhi រដ្ឋធានីនៃ ប្រទេសឥណ្ឌា ដែលមានភ្លើងឆាបឆេះយ៉ាងធ្ងន់ធ្ងរលើអាគារមួយនេះដោយមិនដឹងពីមូលហេតុ។ ទន្ទឹមនឹងនោះ ព័ត៌មានបានរាយការណ៍ថា មានមនុស្សជាង៧០នាក់នៅខាងក្នុងអគារមួយនេះ ភ្លាមនោះ មន្ត្រីប៉ូលិស និងអាជ្ញាធរក្នុងតំបន់បានចល័តរថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ដើម្បីជួយពន្លត់ភ្លើង ហើយប៉ូលីសត្រូវបំបែកបង្អួច និងប្រើខ្សែពួរដើម្បីឡើងទៅជម្លៀសមនុស្សចេញមកក្រៅ  បន្ទាប់ពីបានពន្លត់ភ្លើងដោយជោគជ័យ ក្រុមអ្នកជួយសង្គ្រោះបានតាមរកជនរងគ្រោះ និង អ្នកនៅរស់ដែលអាចជាប់នៅក្នុងអាគារ ក៏បានរកឃើញអ្នកបាត់បង់ជីវិតចំនួន ២៧ បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ហើយអ្នកស្លាប់ភាគច្រើនត្រូវបានគេរកឃើញនៅជាន់ទីពីរនៃអគារការរិយាល័យនោះ។

ទាក់ទងនឹងហេតុការណ៍នេះ ប៉ូលិសក៏បានចាប់ខ្លួនមនុស្សពីរនាក់ដែលជាប់សង្ស័យចំពោះអគ្គិភ័យនេះផងដែរ ប៉ុន្តែមិនទាន់បានបង្ហាញពីព័ត៌មានលម្អិតណាមួយពីជនទាំងពីរនាក់នេះនោះទេ ខណៈពេលដែលលោក Jogi Ram Jain មន្ត្រីក្នុងតំបន់បាននិយាយពីរបាយការណ៍បឋមថាអគ្គិភ័យនេះអាចបណ្តាលមក ពីការទុស្សេចរន្តអគ្គិសនី ហើយអគារនេះក៏មិនមានលិខិតបញ្ជាក់ស្តង់ដារសុវត្ថិភាពនៃអគ្គិភ័យនោះទេ។

យ៉ាងណាមិញនាយករដ្ឋមន្ត្រី Narendra Modi បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការរំលែកទុក្ខ ដល់ជនរងគ្រោះ ព្រមទាំងធ្វើកិច្ចសន្យានឹងផ្តល់សំណងដល់ក្រុមគ្រួសារអ្នកស្លាប់ចំនួន ២០០,០០០ រូពី ប្រហែល ២,៥០០ ដុល្លារ៕ ប្រភព៖ Thairath