រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានការព្រួយបារម្ភ អំពីបញ្ហាសន្ដិសុខជាតិ និង ការគំរាមកំហែង ពីរុស្ស៊ី នោះ ហ្វាំងឡង់ដ៍ និង ស៊ុយអែត បានសម្រេចចិត្ត បោះបង់ចូលនូវគោលជំហរអព្យាក្រឹតរបស់ខ្លួន ហើយងាកមកចង់រួមរស់នៅជាមួយសហភាពអឺរ៉ុប និង ក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ហើយនៅពេលនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ថែមទាំងជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការយោធារួមគ្នា។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សមភាគីហ្វាំងឡង់ដ៍ លោក សោលី នីអ៊ីស្ដូ (Sauli Niinisto) និង លោកស្រី ម៉ាគដាឡែណា អែនឌើសសុន (Magdalena Andersson) នាយករដ្ឋមន្រ្ដីស៊ុយអែត បានផ្ដោតលើកិច្ចសហប្រតិបត្ដិការ លើវិស័យយោធា។ នៅក្នុងអំឡុងពេលពិភាក្សាគ្នា តាមទូរស័ព្ទនោះ មេដឹកនាំទាំង៣ប្រទេស បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ លើវិស័យការពារជាតិ រវាងប្រទេសទាំង៣ សហរដ្ឋអាមេរិក ហ្វាំងឡង់ដ៍ និង ស៊ុយអែត និង ខិតខំប្រឹងប្រែង ដើម្បីបង្កើននូវសន្ដិសុខ នៅតំបន់អាត្លង់ទិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ អំពីកិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ការចូលជាសមាជិករបស់អង្គការណាតូ និង សិទ្ធិរបស់ហ្វាំងឡង់ដ៍ និង ស៊ុយអែត ដើម្បីសម្រេច អំពីការរៀបចំអនាគត នយោបាយបរទេស និង សន្ដិសុខរបស់ពួកគេ។ ក្រៅពីនេះ មេដឹកនាំទាំង៣ប្រទេស ក៏បានចូលរួមចំណែក គាំទ្រដល់ប្រទេសអ៊ុយក្រែន និង ប្រជាជនរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលរងផលប៉ះពាល់ ពីសង្គ្រាមរបស់រុស្ស៊ី៕