រដ្ឋធានគៀវ៖ ថ្វីបើកម្លាំងទាហានរុស្ស៊ី បានព្យាយាមវាយលុក កាន់តែខ្លាំងក្លាឡើង ដើម្បីកាន់កាប់តំបន់ដុនបាស់ នាភាគខាងកើត ប្រទេសអ៊ុយក្រែន តែមន្រ្ដីក្រុងគៀវ បានអះអាងថា កម្លាំងទាហានមូស្គូ បានទទួលរងនូវការបរាជ័យ នៅក្នុងកាយវាយលុករបស់ពួកគេ។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងងថា ការវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ី បានទទួលបរាជ័យ នៅក្នុងតំបន់ដុនបាស់ (Donbass) នាភាគខាងកើតប្រទេស។
បើតាមមន្រ្ដីរបស់អ៊ុយក្រែន បានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ី មិនអាចទទួលជ័យជម្នះ នៅក្នុងការប៉ុនប៉ង វាយកាន់កាប់ទីតាំងអូឡែកសានឌ្រីវកា (Oleksandrivka) និង បូហូរូឌីចណេ (Bohorodychne) នៅក្នុងតំបន់ដុនបាស់។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Kyiv Independent ។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែឧសភា ថា កម្លាំងទាហានរុស្ស៊ី បានបន្ដវាយប្រហារ នៅក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ី កំពុងតែផ្តោតលើកិច្ចខិតខំប្រឹងប្រែង លើការធានាពីការដកកម្លាំងរបស់ខ្លួន ចេញពីទីក្រុងខាឃីវ ( Kharkiv) ហើយរារាំងដល់កងកម្លាំងការពាររបស់អ៊ុយក្រែន ពីការវាយរុលចូលទៅមុខ ឡោមព័ទ្ធពីខាងក្រោយកងទ័ពរុស្ស៊ី នៅជិតទីក្រុងអ៊ីហ្ស៊ូម (Izium)។
ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «កម្លាំងទាហានរុស្ស៊ី មិនអាចបញ្ឈប់នូវការវាយលុក កាន់កាប់តំបន់ប្រតិបត្ដិការ នាភាគខាងកើតអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ទាហានរុស្ស៊ី បានបន្ដវាយប្រហារ ដោយសារមីស៊ីល ទៅលើតំបន់ឧស្សាហកម្ម និង បាញ់ទៅលើគោលដៅនានារបស់ជនស៊ីវិល នៅលើដែនដីរបស់អ៊ុយក្រែន៕