ចិន៖ កាលពីអំឡុងប៉ុន្មានខែមុននេះ អ្នកនិយមលេងបណ្ដាញសង្គមចិនបានផ្ទុះការចាប់ខ្លាំងទៅលើនិស្សិតស្រីបើកបរយន្តហោះចម្បាំងម្នាក់ ដោយសារតែនាងមិនត្រឹមតែមានសមត្ថភាពពិសេសប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតផូផង់ មិនចាញ់តារាសិល្បៈប៉ុន្មានឡើយ ។

និស្សិតស្រីខាងលើមានឈ្មោះថា Han Jianing អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិន ។ នាងត្រូវបានគេដឹងថា គឺជាយុវតីដំបូងគេបង្អស់នៅក្នុងខេត្ត Hainan ដែលស្ថិតក្នុងចំណោមនារីអាកាសយានិកយន្តហោះចម្បាំង ត្រូវបានបណ្តុះបណ្តាលដោយអង្គភាពកងទ័ពអាកាស PLA ។

យោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងប្រទេស Han Jianing បានឱ្យដឹងថា​ ក្ដីស្រមៃតាំងពីតូចរបស់នាង គឺចង់ក្លាយជាអាកាសយានិកមួយរូប ។ ហើយទីបំផុតនៅឆ្នាំ ២០១៧ ក្នុងវ័យ ១៨ឆ្នាំ ពេលបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា​ Haikou នាងក៏បានសម្រេចក្ដីស្រមៃនោះ ដោយបានជាប់ចំណាត់ថ្នាក់លេខ០១ នៅក្នុងការប្រឡងជ្រើសរើសសិស្សវិទ្យាល័យចំនួន ១២ម៉ឺននាក់ ឱ្យចូលសិក្សាទៅលើជំនាញបើកបរយន្តហោះចម្បាំង របស់កងទ័ពរំដោះប្រជាជន (PLA) ។ នៅពេលប្រឡង ចូលរៀនបើកយន្តហោះចម្បាំងនោះ Han Jianing ត្រូវបានគេដឹងថានាងមានសមត្ថភាពខ្ពស់ ឆ្លាតវៃ និងលេចធ្លោជាងសិស្សដទៃទៀត ដូច្នេះហើយទើបកាលនោះ នាងទទួលបានពិន្ទុខ្ពស់រហូតដល់ ៦៦១​ ,១០០ ពិន្ទុ លើសពីលក្ខខណ្ឌដែលគេត្រូវការនៅក្នុងការប្រឡងនោះ ។

ជាមួយគ្នានេះដែរ  Han Jianing ក៏ត្រូវបានគេដឹងថា ជាមនុស្សស្រីដែលមានឆន្ទៈខ្ពស់ក្នុងការសិក្សាខ្លាំងបំផុត ។ ក្រៅពីនេះនាងក៏មានសមត្ថភាពពិសេសក្នុងការលេងឧបករណ៍តន្ត្រី Ukulele ស្គរ និងព្យាណូ រួមទាំងមានជំនាញក្នុងការសរសេរអក្សរផ្ចង់ចិនបានយ៉ាងល្អថែមទៀតផង ។

ដោយឡែកកាលពីនៅក្នុងវ័យ ២១ ឆ្នាំ Han Jianing រួមជាមួយមិត្តរួមថ្នាក់របស់នាង០៩នាក់ផ្សេងទៀតបានទទួលការអបអរសាទរមួយ សម្រាប់ការបញ្ចប់វគ្គនៃការហោះហើរទោលលើកដំបូងរបស់ពួកគេ នៅលើឧទ្ធម្ភាគចក្រធុនស្រាល Gazelle របស់ប្រទេសបារាំងដើម្បីអនុវត្តសមយុទ្ធសាមញ្ញមួយចំនួន ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ  Han Jianing កំពុងរៀនថ្នាក់មូលដ្ឋាន ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ពង្រឹងជំនាញបច្ចេកទេស រួមទាំងពង្រឹងសមត្ថភាពផ្លូវចិត្តរបស់នាងផងដែរ នេះបើយោងតាមសម្ដីគ្រូបើកយន្តហោះរបស់នាង ឈ្មោះលោក Wang Jianglin ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXZiJb4lMSxzA7Xbyrs2GJjTVnXseFo0HeXcsyW_TqtAF9QaiEggvTigaBtLAu7Cx4FVE3l1tuiyPr421wmgN3jzcpCVJ6Mw4L0fMFboh9z6hutNR9gMRkvXdxEg-kJ_vXf5qbGiTcMbjwUUsTd-mrKF-xjv5pCXRG-9JJLP_72pyuJpSVoEVDjPqP/s1275/FOREIGN202110251427000361593907042.jpg