ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលឿនដូចផ្លេកបន្ទោរលួចកាត់សោទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចយកម៉ូតូពីរគ្រឿង បានសម្រេចរួចគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាគុបកញ្ចាស់មួយគ្រឿង។

ហេតុការណ៌ខាងលើនេះបានកើតឡើងនៅចំណុចផ្ទះលេខ38H ខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ប្រមាណជាង១០០ម៉ែត្រ ផ្លូវលេខ១០១៥ កែងផ្លូវលេខ១៩៧២  ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្លាមៗនោះជនរងគ្រោះក៏បានប្រញាប់ប្រញាល់ស្រូតទៅដាក់ពាក្យបណ្ដឹង ចំពោះម៉ូតូដែលជនសង្ស័យលួចយកទៅបាត់មានម៉ាកហុងដា ស្តុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខៀវ ភ្នំពេញ1IJ-4797 និងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅភ្នំពេញ1IY-2869។

ម្ចាស់ផ្ទះកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់ទុកម៉ូតូក្នុងផ្ទះដូចសព្វដង ដោយបានដាក់គន្លឹះទ្វារ និងចាក់សោរនៅខាងក្នុង រួចនាំគ្នាចូលដេកដូចធម្មតា​ លុះដល់ម៉ោងកើតហេតុខាងលើរូចគាត់​ក៏ឮសូសម្លេងដែរ តែមិងបានចាប់អារម្មណ៍នោះទេ។ ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យរូបគាត់ក៏បាននាំគ្នាបើកភ្លើងមើលស្រាប់តែមិនឃើញម៉ូតូ រួចក៏នាំគ្នាផ្អើលឆោឡោមើលទៅទ្វាផ្ទះឃើញដាច់ត្រយ៉ូវទ្វារម្ខាង និងរបូតកន្លិះ ភ្លាមៗនោះក៏នាំគ្នាចេញមកក្រៅដោយពិនិត្យជុំវិញផ្ទះ ក៏ប្រទះឃើញម៉ូតូហុងដាគុបជ្រុងមួយគ្រឿងពណ៌ទឹកបិចពាក់ស្លាកលេខកំពង់ស្ពឺ1B-3726 និងឧបករណ៍មួយចំនួនដែលជនសង្ស័យធ្វើ​សកម្មភាពដែលបាន​បន្សល់ទុក។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ។ ចំណែកម៉ូតូដែលប្រទះឃើញនៅក្បែរកន្លែងកើតហេតុ និងវត្ថុតាងដែលជនសង្ស័យ​បាន​​បន្សល់ទុកសមត្ថកិច្ចបានយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៕