ប្រទេសថៃ៖ គ្រូឥសីចម្លែកម្នាក់ដែលបានអះអាងថាខ្លួនជាព្រះបិតាក្នុងសាសនាដ៏ខ្ពង់ខ្ពស់ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនភ្លាមៗ ក្រោយពីរកឃើញនូវបទល្មើសជាច្រើនករណីក្នុងមុខរបរជាគ្រូមន្តអាគមផ្លូវងងឹតដែលមានជាការផ្ដល់នូវសេវាមើលជំងឺខណៈពេលដែលកូវីតរាតត្បាតខ្លាំង និងការឱ្យអ្នកដែលមានជំនឿផឹកទឹកនោម និងលាមករបស់ខ្លួនថាជាឧសថស័ក្តិសិទ្ធ មិនតែប៉ុណ្ណោះគេបានរកឃើញនូវសាកសពចំនួន១១ក្នុងអាស្រមរបស់គាត់ផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Madamemount។

​ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះផងដែរបានកើតឡើងនៅក្នុងស្រុកខនសាន ខេត្តឆៃភូម នៃប្រទេសថៃ ក្រោយពីមានបុរសម្នាក់ដែលបានអះអាងថាខ្លួនជាព្រះបិតានៃសាសនាដ៏ខ្ពង់ខ្ពស់ ហើយតាំងខ្លួនជាគ្រូមន្តអាគមដ៏ខ្លាំងពូកែ ព្យាបាលជំងឺបានគ្រប់មុខ ជាមួយនឹងការផឹកទឹកនោម និងលាមករបស់គ្រូម្នាក់នោះ។ កេរ្តិ៍ឈ្មោះរបស់គ្រូម្នាក់នេះក៏ចាប់ផ្ដើមល្បីរន្ទឺរហូតធ្វើឱ្យអ្នកដែលមានជំនឿផ្លូវងងឹតតែងតែមកទទួលព្យាបាលជំងឺតាមបែបមន្តអគ​មន៍ផ្សេងៗ ។

ក្នុងនោះស្រាប់តែមកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ប្រាប់តែមានអ្នកជំងឺបានមកជួបជាមួយនឹងគ្រូឥសីម្នាក់នេះដើម្បីមកផឹកទឹកនោមក្នុងការព្យាបាលជំងឺ ក៏ស្រាបតែប្រទះឃើញនូវឆ្អឹងសាកសពមនុស្សនៅក្នុងអាស្រមនោះ ឃើញដូចនេះពួកគេក៏បានធ្វើការរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ។ ភ្លាមនោះលោក Jeeraphan Petchkhao សម្របសម្រួលជាមួយលោក Kraisorn Kongchaya អភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធក្នុងតំបន់ការិយាល័យពុទ្ធបរិស័ទ មន្ត្រីរដ្ឋបាលសាលារាជធានី នគរបាលប៉ុស្តិ៍ខនសាន បានចុះត្រួតពិនិត្យការិយាល័យប្រតិបត្តិព្រះធម៌ទេសនារបស់ព្រះឥសូរចំឡែកម្នាក់នោះ ក៏បានរកឃើញថាមានសាកសពចំនួន១១ត្រូវបានគ្រូម្នាក់នោះរក្សារទុកក្នុងមឈូស ដែលគាត់បានអះអាងថារង់ចាំបញ្ជូនទៅកាន់ឋានសួគ៌ មិនតែប៉ុណោះគ្រូម្នាក់នេះមានកូនសិស្សរហូតទៅដល់៥០នាក់ក្រោមការគ្រប់គ្រងរបស់គាត់។ ប៉ូលិសក៏បានធ្វើការស៊ើបអង្កេតបន្តទើបដឹងថាគ្រូម្នាក់នេះគឺបានប្រព្រឹត្តិបទល្មើសខុសនឹងច្បាប់ជាច្រើន ដូចជាការព្យាបាលជំងឺដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយរក្សាសាកសពដែលគ្នានការអនុញ្ញាតត្រឹមត្រូវ ព្រមទាំង បានបំពាននូវបទល្មើសក្នុងការមិនគោរពច្បា​ប់ការការពារជំងឺកូវីត-១៩ កំពុងរាតត្បាត ដូច្នេះក្រុមប៉ូលិសក៏បានធ្វើការចាប់ខ្លួនគ្រូឥសីម្នាក់នោះភ្លាមៗដើម្បីសាកសួរបន្ថែមទាក់ទងនិងសាកសពនោះ ដំបូងឡើយកូនសិស្សទាំងអស់បានហាមឃាត់មិនឱ្យគេនាំខ្លួនគ្រូរបស់ពួកគេចេញមកនោះទេអស់រយៈពេលជាច្រើនម៉ោងទើបអាចនាំចេញមកប៉ុស្តិ៍ប៉ូលិសបាន។

យ៉ាងណាមិញក្រោយពីការចាប់ខ្លួនគ្រូម្នាក់នោះរួចមក ក៏នៅមានការស៊ើបអង្កេតបន្ត ហើយទ្រព្យសម្បត្តិផ្សេងៗនៅក្នុងអាស្រមនោះមិនត្រូវបានរុះរើភ្លាមៗនោះទេគឺរង់ចាំការអនុញ្ញាតពីផ្លូវច្បាប់ជាមុនសិន រួចនិងកាត់ទោសទៅតាមផ្លូវច្បាប់បន្តទៀត៕ ប្រភព៖ Madamemount