ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា បដិសេធថាខ្លួន និងស្វាមីមិនដែលស្គាល់ក្រុមជនសង្ស័យដែលបន្លំខ្លួនធ្វើជាមន្ដ្រីពន្ធដារនោះទេ ហើយស្នើឲ្យថ្នាក់ដឹកនាំ នៃអគ្គនាយដ្ឋានពន្ធដារដករូបនាងចេញពីក្រុមទាំងនោះ បើមិនដូច្នោះទេអ្នកនាងចេញមុខLive និយាយរឿងនេះរហូត។

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អ្នកនាង សួស វីហ្សា បានធ្វើការបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ខ្លួនដោយបានសរសេររៀបរាប់ថា៖ «ក្មួយទាំងពីរសូមគោរពអរគុណដល់លោកពូនិងបងៗដែលបានជួយសំរួលនិងបានលុបរូបថតក្មួយទាំងពីរតាមសំណូមពរ ក្មួយសូមគោរពជូនពរលោពូនិងបងៗសូមជួបតែសេចក្តីសុខចំរេីន»។

គួរបញ្ជាក់ដែលថា ការដែលលេចមុខនាង និងស្វាមីនៅកណ្ដាលចំណោមជនសង្ស័យ ត្រូវបាន សួស វីហ្សា បកស្រាយថា រូបនាង និងស្វាមី បានទៅអង្គុយហូបគុយទាវនៅហាងមួយ ក្បែរព្រលានយន្ដហោះពោធិ៍ចិនតុង ហើយក៏លេចមុខក្រុមនោះមកសុំនាងថតជាមួយ ដោយនិយាយថា នាង និងស្វាមី គឺជាIdol របស់ពួកគេ ហើយនាងក៏យល់ព្រមឲ្យថតជាមួយ។ ដោយទីតាំងចង្អៀត ហើយមនុស្សច្រើន ក្រុមនោះក៏បានស្នើឲ្យរូបនាង និងស្វាមីឈរនៅចំកណ្ដាលពួកគេ ដើម្បីថតទុកជាអនុស្សាវរីយ៍តែម្ដងទៅ។

តារាស្រីរូបនេះ យល់ថា បើខាងអគ្គនាយកដ្ឋានពន្ធដារ មិនព្រមលប់រូបនេះចេញពីក្រុមជនសង្ស័យនោះទេ អាចធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រនាងយល់ច្រឡំ ដោយគិតថារូបនាង និងស្វាមីជាបក្សពួកជនសង្ស័យដែរ។ ប៉ុន្ដែតាមពិតទៅនាង និងស្វាមីមិនស្គាល់ជនទាំងនោះសោះ ហើយបើគេថាIdol ទៅហើយរូបនាងជាមនុស្សរបស់មហាជនទៀត បើមិនឲ្យគេថតជាមួយទៅក្លាយគេថាវាយរឹក ហើយពេលខ្លះអនុញ្ញាតឲ្យថតជាមួយទៅអាចមានរឿងដូចជាករណីនេះជាដើម។

គួររំលឹកដែលថា កាលពីថ្ងៃទី១២ ខែឧសភា អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា មានមនុស្សមួយក្រុមដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះ Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការនៅអគ្គនាយកដ្ឋានពន្ធដារ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ​២០២២ បាន​ប្រកាសជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ អោយ​បាន​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​អង្គភាព​ក្រោម​ឱវាទ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។

ករណី​នេះ គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​សម្រាប់​អាជ្ញាធរ​សាធារណៈ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ សង្ស័យ​ថា ជា​ការ​ប្រើប្រាស់​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ តាម​រូបភាព​ណាមួយ ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ ។

បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​បាន និង​កំពុង សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ សូម​រាយការណ៍​មក​អគ្គនាយកដ្ឋាន​ពន្ធដារ តាម​រយៈ​លេខ​ទូរស័ព្ទ ១២៧៧ ៕