ប្រទេសវៀតណាម៖ នៅក្នុងឆ្នាំនេះប្រទេសវៀតណាមបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមសម្រាប់អាស៊ានដែលបានទទួលនូវអត្តពលិកមកពីបណ្ដាប្រទេសទាំងអស់របស់អាស៊ានយើង ក្នុងនោះប្រទេសវៀតណាមក៏បានបើកនូវកម្មវិធីនេះលើងមកយ៉ាងអធិកអធម នៅកីឡាដ្ឋានរបស់ខ្លួន។នេះបើយោងតាមការចុះផ្សាយហរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ស៊ីហ្គេមលើកទី៣១នេះ បានបើកជាផ្លូវការឡើងនៅកីឡាដ្ឋាន Mi Dinh ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមក្រោមអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រួមទាំងអត្តពលិករបស់ខ្លួន ២៥០ នាក់ផ្សេងទៀតបានបង្ហាញខ្លួននៅលើទីលាន។ ក្នុងនោះសម្រាប់ពិធីបើកនេះផងដែរ វៀតណាមបានកៀងគរ អ្នកសម្តែងជាង ១.០០០ នាក់ឱ្យមកសម្ដែងដោយបង្ហាញពីការឆ្លុះបញ្ចាំងនៃវប្បធម៌ និងប្រពៃណីរបស់ពួកគេ ព្រមទាំងទំនាក់ទំនងភាពរឹងមាំរបស់ប្រជាជនអាស៊ាន រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើបៗ និងសន្តិភាពយ៉ាងពេញលេញ ដោយផ្អែកលើប្រធានបទសំខាន់នៃការប្រកួតប្រជែង “ដើម្បីអាស៊ានកាន់តែរឹងមាំ”។ ដោយការសម្ដែងនោះរួមទាំងការសម្តែងបែបវប្បធម៌ក្នុងស្រុក លាយឡំជាមួយការរាំដោយតារាសម្ដែងល្បីៗស្លៀកសំលៀកបំពាក់ជាតិរបស់ពួកគេព្រមទាំងមានពាក់មួកប្រចាំប្រទេស ចំណុចពិសេសមួយទៀតនោះគឺការសម្ដែងបង្ហាញនូវនិមិត្តសញ្ញាសម្រាប់កីឡាទាំង៤០ ក្នុងស៊ីហ្គេមនេះ។ បន្ទាប់ពីសម្ដែងចប់ក៏មានតារាចម្រៀងវៀតណាមល្បីៗដូចជា Tang Duang, Van Mai Huang, Ho Ngoc Ha, Isaac, Dan Vo នឹងសម្តែងបទចម្រៀង Let’s Shine ដែលនិពន្ធដោយ Hui Tuan ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញម្នាក់ក្នុងប្រទេស ដោយខ្លឹមសារចង់បង្ហាញពីមនុស្សកើតមកមានគោលដៅនិងពុះពារឧបសគ្គ ដើម្បីឈានទៅដល់គោលដៅខ្ពស់ ព្រមទាំងដំណើរឆ្លងកាត់រឿងរ៉ាវដែលពោរពេញទៅដោយការលះបង់ ការខិតខំប្រឹងប្រែង និងការគាំទ្រពីអ្នកដែលនៅជុំវិញខ្លួន។

យ៉ាងណាមិញក្នុងពិធីបើកការប្រកួតនេះ មាន៣ចំណុចសំខាន់ៗ ទី១ តំណាងឱ្យការស្វាគមន៍យ៉ាងកក់ក្តៅរបស់ម្ចាស់ផ្ទះ ទី២តំណាងឱ្យភាពរឹងមាំនៃតំបន់អាស៊ាន និង ចុងក្រោយគឺជាចំណងសាមគ្គីភាព និងមិត្តភាពរបស់ប្រទេសសមាជិកក្នុងតំបន់អាស៊ានទាំងអស់ ហើយកម្មវិធីនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ដោយមានអត្តពលិកផ្លូវការប្រមាណ១ម៉ឺននាក់ចូលរួម៕ ប្រភព៖ Khaosod