ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។

នៅក្នុងឳកាសនោះផងដែរមានពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​ បាន​យក​ស្បែង​ជើង​​គប់​តម្រង់​ទៅ​លើ​លោក​សម្ដេច ហ៊ុន សែន ​ក្នុង​ពេល​ដែល​លោក​កំពុង​​សំណេះសំណាល​​ និង​ថតរូប​ជា​មួយ​អ្នក​គាំទ្រ​​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូលពិសេស​អាស៊ាន-អាមេរិក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​ ដែលទង្វើបែបនេះបានធ្វើឲ្យពលរដ្ឋខ្មែរក៏ដូចជាក្នុង និងក្រៅប្រទេសមានការខឹងសម្បារយ៉ាងខ្លាំង។

ជាមួយគ្នានាមុននេះបន្តិចឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។ ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖