រដ្ឋធានីហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានចោទប្រកាន់ដល់ប្រទេសចិន អំពីការហាមឃាត់ ដល់ការនេសាទ នៅលើដែនទឹក ស្ថិតក្នុងដែនអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន នៅសមុទ្រខាងកើត។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ថា ការផ្អាកនូវការនេសាទរបស់ចិន បានធ្វើឡើង ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែសីហា។ ប៉ុន្ដែការចេញបម្រាមរបស់ចិន បានគ្របដណ្តប់ ទៅលើតំបន់ផ្សេងៗគ្នា រួមទាំងដែនទឹក ស្ថិតក្នុងដែនអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការរបស់វៀតណាម នៅសមុទ្រខាងកើត។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសង្កត់ធ្ងន់ថា ការហាមប្រាមរបស់ចិន ត្រូវចាត់ទុកជាមោឃៈ ហើយក្រសួងបានស្នើឱ្យគណៈកម្មាធិការប្រជាជន នៃតំបន់ឆ្នេរ ជូនដំណឹងជាបន្ទាន់ ដល់អ្នកនេសាទ អំពីបញ្ហានេះ និង លើកទឹកចិត្តដល់ពួកគេ ឲ្យបន្តនេសាទតាមធម្មតា នៅក្នុងដែនទឹករបស់វៀតណាម។ រីឯរដ្ឋបាលមូលដ្ឋាន ត្រូណែនាំដល់អ្នកនេសាទ ឱ្យធ្វើដំណើរជាក្រុម សម្រាប់ការជួយគ្នាទៅវិញទៅមក នៅក្នុងដែនសមុទ្រ និង ផ្តល់ដំណឹងដល់អាជ្ញាធរ អំពីការរំលោភបំពាន មកលើដែនទឹករបស់វៀតណាម ពីនាវានេសាទរបស់បរទេស។

ដោយឡែក ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម នៅតាមតំបន់មាត់សមុទ្រ ត្រូវបង្កើនការនូវតាមដានសកម្មភាពនេសាទ តាមផ្កាយរណប ចេញការព្រមានដល់នាវា ខណៈមានការចាំបាច់ និង រាយការណ៍អំពីឧប្បត្តិហេតុនានា ទាក់ទងនឹងទូកនេសាទ ហើយអ្នកនេសាទ នៅឯសមុទ្រ ជូនទៅកាន់នាយកដ្ឋានឃ្លាំមើលធនធានជលផលរបស់ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ៕Australia to continue to support freedom of navigation in South China sea, PM says - VnExpress International