ភ្នំពេញ៖ នាមុននេះបន្តិចអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា មានមនុស្សមួយក្រុមដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះ Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការនៅអគ្គនាយកដ្ឋានពន្ធដារ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ​២០២២ បាន​ប្រកាសជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ អោយ​បាន​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​អង្គភាព​ក្រោម​ឱវាទ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។

ករណី​នេះ គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​សម្រាប់​អាជ្ញាធរ​សាធារណៈ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ សង្ស័យ​ថា ជា​ការ​ប្រើប្រាស់​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ តាម​រូបភាព​ណាមួយ ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ ។

បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​បាន និង​កំពុង សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ សូម​រាយការណ៍​មក​អគ្គនាយកដ្ឋាន​ពន្ធដារ តាម​រយៈ​លេខ​ទូរស័ព្ទ ១២៧៧ ៕