អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបិទទីក្រុងទាំងអស់របស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ពីករណីរកឃើញកូវីដ-១៩ លើកដំបូងរបស់ខ្លួន បន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zingnews

យោងតាម ​​KCNA បានឱ្យដឹងថា មនុស្សមួយចំនួននៅក្នុងរដ្ឋធានីព្យុងយ៉ាង​ បានឆ្លងមេរោគ BA.2 subline នៃប្រភេទអូមីក្រុង ប៉ុន្តែមិនបានបញ្ជាក់ចំនួនករណី ឬប្រភពនៃការឆ្លងនោះទេ ខណៈសំណាកត្រូវបានប្រមូលចាប់ពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាននេះបានវាយតម្លៃថា “ការិយាល័យនយោបាយចាត់ទុកថាវាចាំបាច់ដើម្បីប្តូរពីប្រព័ន្ធការពារការរីករាលដាលជាតិទៅជាប្រព័ន្ធការពារជំងឺបន្ទាន់ជាអតិបរមា ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន” ។

លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃការត្រួតពិនិត្យព្រំដែន និងវិធានការបិទផ្លូវ ហើយបានប្រាប់ប្រជាជនឱ្យ “បញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបិទតំបន់របស់ពួកគេឱ្យបានហ្មត់ចត់នៅគ្រប់តំបន់” ទីក្រុង និងស្រុកទូទាំងប្រទេស។

សកម្មភាពអាជីវកម្ម និងផលិតកម្មទាំងអស់នឹងត្រូវបានរៀបចំឡើងដើម្បីឱ្យអង្គភាពការងារនីមួយៗ “បំបែក” ក្នុងគោលបំណងការពារការរីករាលដាលនៃជំងឺ។ នេះបើយោងតាម ​​KCNA បានឱ្យដឹងថា ឃ្លាំងឧបករណ៍វេជ្ជសាស្រ្តបម្រុងក៏នឹងត្រូវបានចល័តផងដែរ។

KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន បាននិយាយថា គោលបំណងនៃវិធានការទាំងនេះ គឺដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ-១៩ និងលុបបំបាត់ឫសគល់នៃមេរោគយ៉ាងឆាប់រហ័ស ។

មេដឹកនាំកូរ៉េខាងជើងក៏បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល និងភ្នាក់ងារបង្ការ និងទប់ស្កាត់ការរាតត្បាតត្រូវត្រួតពិនិត្យមនុស្សគ្រប់រូប ចាត់វិធានការយ៉ាងសកម្មក្នុងការព្យាបាល និងធ្វើសកម្មភាពសម្លាប់មេរោគគ្រប់តំបន់ ចាប់ពីកន្លែងធ្វើការដល់ទីកន្លែងដែលពួកគេរស់នៅ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានកត់សម្គាល់ផងដែរថា អាជ្ញាធរចាំបាច់ត្រូវកាត់បន្ថយភាពរអាក់រអួលដែលប្រជាជនប្រឈមមុខនៅក្នុង “ស្ថានភាពបិទផ្លូវតឹងតែង” ឱ្យនៅអប្បបរមា ៕