ខេត្តកណ្តាល ៖ ដូចប្រិយមិត្តជ្រាបខ្លះហើយ កាលពីប៉ុន្មានថ្ងៃមុន មានករណីបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា សា ថៃជឺ ( ទន្លេបាសាក ) ដែលមានប្រវែងជាង២០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីមានការបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត លោកប្រាក់ សារ៉ាត់ អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល រួមជាមួយលោក ដានី ចេតនា អគ្គនាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ៅ ហាក់ អនុប្រធានគណកម្មាការបឹងទន្លេសាប រួមជាមួយមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានចុះពិនិត្យ និងសិក្សាស្ថានភាពទឹកហូរច្រះ ដែលធើ្វអោយបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់ វិហារលោកតា សា ថៃជឺ ដែលមានប្រវែង២១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ។
បន្ទាប់ពីពិនិត្យ និងសិក្សាមើលទីតាំងដែលបាក់ស្រុតមាត់ស្ទឹងតាខ្មៅក្រុមការងារបានបន្តចុះពិនិត្យមើលទីកន្លែងទឹកហូរ ដែលជាចរន្តនៃលំហូរទឹក ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ដើម្បីរកវិធីដោះស្រាយបញ្ហានេះ។
ជុំវិញករណីបាក់ច្រាំងតាមដងស្ទឹងព្រែកត្នោត ក្នុងក្រុងតាខ្មៅ លោកផែង វណ្ណៈ បានបង្ហោះសំណេរកាលពី១៤ម៉ោងមុន មានខ្លឹមសារថា « មានបងប្អូនខ្លះថា ការបាក់ច្រាំងតាមដងស្ទឹងព្រែកត្នោត ក្នុងក្រុងតាខ្មៅ បណ្ដាលមកពីការបូមខ្សាច់ ចំណែកបងប្អូនខ្លះទៀតថា មកពីការសាងសង់សំណង់ច្រាំងស្ទឹងព្រែកត្នោតមិនត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស ។ ចំណែកខ្ញុំអត់ហ៊ាននិយាយទេ ខ្លាចគេប្ដឹងណាស់នៅសម្ងំស្ងៀមវិញបានសុខជាង ។ សូម្បីតែផ្លូវលេខ២ ពីក្បាលថ្នល់មកដល់រង្វង់មូលព្រះនរាយណ៍ខូចស្ទើរអស់ ក៏ខ្ញុំអត់ហ៊ានផ្សាយដែរ ខ្លាចគេថា បំពុលសង្គម ទ្រាំជិះពិបាកបន្តិចទៅ ពេលគេដឹកខ្សាច់ចប់គេជួសជុលសងវិញហើយ»៕