រដ្ឋធានីគៀវ៖ សង្គ្រាមរបស់ប្រធានាធិបតី ពូទីន បានអូសបន្លាយ អស់រយៈពេល៧៨ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ថ្វីបើកម្លាំងទាហានរុស្ស៊ី បាន និង កំពុងតែវាយប្រហារយ៉ាងខ្លាំង ទាំងផ្លូវគោក និង ផ្លូវអាកាស ស្រោចលើរោងចក្រដែកថែបអាហ្សូវស្ដាល់យ៉ាងណាក្ដី ក៏កម្លាំងការពាររបស់អ៊ុយក្រែន នៅតែមិនព្រមចុះចាញ់ ហើយបន្ដការពារមូលដ្ឋានចុងក្រោយរបស់ពួកគេ នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីយូប៉ូល ស្ថិតតាមឆ្នេរសមុទ្រអាហ្សូវនេះដដែល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា បើតាមវិទ្យាស្ថានសិក្សា អំពីសង្គ្រាម បានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ី បានបន្ដវាយប្រហារយ៉ាងខ្លាំង ទាំងផ្លូវគោក និង ផ្លូវអាកាស ប្រឆាំងនឹងទីតាំងនានារបស់កងទ័ពអ៊ុយក្រែន ស្ថិតក្នុងរោងចក្រដែកថែបអាហ្សូវស្តាល់ (Azovstal) ។

ដោយឡែក លោកស្រី អ៊ីរីណា វេរេសឈុក (Iryna Vereshchuk) ឧបនាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានរាយការណ៍ថា កងទ័ពអ៊ុយក្រែន ចំនួន ១ ០០០នាក់ កំពុងតែស្ថិតក្នុងរោងចក្រដែកថែបអាហ្សូវស្ដាល់ ហើយពួកគេ រាប់រយនាក់ បានរងរបួស។

រុស្ស៊ី បានដាក់ឱសានវាទ ចំនួន៣លើករួចមកហើយ ដើម្បីជំរុញឲ្យកម្លាំងការពារអ៊ុយក្រែន នៅក្នុងរោងចក្រអាហ្សូវស្ដាល់ ទម្លាក់អាវុធចោល ចុះចាញ់ពួកគេ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី១១ ខែឧសភា កម្លាំងការពាររបស់អ៊ុយក្រែន នៅតែបន្ដការពារមូលដ្ឋានចុងក្រោយរបស់ពួកគេ នៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល។

មេបញ្ជាការកងទ័ពអ៊ុយក្រែន នៅក្នុងរោងចក្រដែកថែបអាហ្សូវស្ដាល់ កាលពីប៉ុន្មានថ្ងៃមុននេះ បានអះអាងថា ពួកគេសុខចិត្តប្រយុទ្ធ រហូតដល់តំណក់ឈាមចុងក្រោយ។ បើពួកគេចាកចេញពីរោងចក្រនេះ ក៏ត្រូវចេញទៅជាមួយនឹងអាវុធរបស់ពួកគេ ស្ថិតក្នុងដៃរបស់ពួកគេដែរ។

សង្គ្រាម នៅក្នុងរយៈពេល៧៨ថ្ងៃកន្លងមកនេះ បានធ្វើឲ្យជនស៊ីវិល ជាង៥,៩លាននាក់ បានរត់ភៀសខ្លួន ចាកចេញពីប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់ប្រទេសជិតខាង។ ចំណែកជនភៀសខ្លួនទាំងនោះ ភាគច្រើន ជាស្រ្ដី កុមារ និង មនុស្សចាស់ជរា។ ដោយឡែក បុរសអ៊ុយក្រែន មានអាយុ ចាប់ពី១៨-៦០ឆ្នាំ ត្រូវស្ថិតក្នុងប្រទេស ដើម្បីចូលរួមប្រយុទ្ធនឹងកម្លាំងទាហារុស្ស៊ី៕Putin tries to claim victory in Mariupol but won't storm last holdout of  Ukrainian resistance | PBS NewsHour