ខេត្តសៀមរាប ៖ កាលពីម្សិលមិញ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានណែនាំលោកស្រី ឈួន អ៊ឹម បេក្ខជនមេឃុំជាស្ត្រីលើកដំបូងបំផុតជាប្រវត្តិសាស្ត្រ នៃស្រុកបន្ទាយស្រី។

លោកស្រី ឈួន អ៊ឹម នឹងឈរឈ្មោះជាបេក្ខជនលំដាប់ទី១ មកពីគណៈបក្សប្រជាជនកម្ពុជា សម្រាប់តំណែងជាមេឃុំរុនតាឯក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន លោកស្រីកំពុងតែកាន់តួនាទីជាជំទប់ទី១ នៃក្រុមប្រឹក្សាឃុំរុនតាឯក ជាយុវជនម្នាក់ប្រកបដោយសក្តានុពល ពោរពេញទៅដោយសមត្ថភាព ឆន្ទៈ និងបទពិសោធគ្រប់គ្រាន់សម្រាប់តំណែងជាអ្នកដឹកនាំនៃរដ្ឋបាលឃុំ។

លោកឃឹម ហ្វីណង់ ជឿជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលនៅក្នុងលទ្ធផល នៃការបោះឆ្នោតនាពេលខាងមុខនេះទេ លោកស្រី ឈួន អ៊ឹម នឹងមិនគ្រាន់តែក្លាយជាមេឃុំស្ត្រីលើកដំបូងសម្រាប់ស្រុកបន្ទាយស្រី នោះទេ តែលោកស្រីនឹងក្លាយទៅជានិមិត្តរូបមួយ នៃការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងមុខងារសាធារណៈ ដែលអាចនឹងជួយត្រួសត្រាយផ្លូវឱ្យយុវនារីផ្សេងៗទៀត នៅក្នុងស្រុកបន្ទាយស្រី យកគំរូតាម និងហ៊ានឈោងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ៕