រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ កាលពីប៉ុន្មានខែមុន តាមចម្រៀង សម្តែង និងកំប្លែង មានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ លោកម៉ាដូណា បានប្រកាសថា ខ្លួនជំពាក់ប្រាក់គេជាងកន្លះលានដុល្លារ ។ តែយ៉ាងណា លោកម៉ាដូណា ពិតជាមានសេចក្តីក្លាហាន ហ៊ានទទួលការពិត និងមិនគេចវេះពីបំណុលឡើយ។ នៅពេលនោះ គេនៅចាំថា លោកម៉ាដូណា បានសម្រក់ទឹកភ្នែកតូចចិត្តនឹងវាសនារបស់ខ្លួន នៅពេលធ្វើបទសម្ភាសជាមួយអ្នកកាសែត និងតាមស្ថានីយ៍ទូរទស្សន៍នានាផងដែរ ដោយលោកបានរៀបរាប់ពីដើមហេតុ នៃការជំពាក់បំណុលគេ ហើយលោកម៉ាដូណា បានអះអាងថា លោកមិនគេចវេះទៅណាទេ គ្រាន់តែសុំចិត្តដល់ម្ចាស់បំណុលទាំងអស់ សូមទុកពេលឲ្យបន្តិច ដើម្បីដោះស្រាយបញ្ហានេះ។
ក្រោយពីរឿងបញ្ហាជំពាក់បំណុលគេ បានស្ងប់ស្ងាត់ ស្រាប់តែលោកម៉ាដូណា បានដាច់ចិត្តទម្លាយហាងលក់ពេជ្រ របស់លោក ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងចូលរួមត្រេកអរផងដែរ តែគួរឲ្យសោកស្តាយ លោកម៉ាដូណា បញ្ជាក់ថា ហាងលក់ពេជ្រនោះ បានដួលរលំទៅវិញបាត់ហើយ ។
យោងតាមគណនីហ្វេសប៊ុកលោកម៉ាដូណា ដែលបង្ហោះរូបថតហាងលក់ពេជ្ររបស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ ភ្ជាប់ជាមួយនឹងសំណេរថា « នេះជាហាងលក់ពេជ្ររបស់ខ្ញុំ និងប្តីខ្ញុំ ហើយក៏គ្មានអ្វីចម្លែកដែរ ក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច ហើយខ្ញុំផ្ទាល់ក៏សម្រេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បះ។ តែពេលនេះហាងរបស់ខ្ញុំត្រូវក្ស័យធន ដោយសារការទុកចិត្តអោយដេញតុងទីង និងរាប់អានចំពោះមនុស្សខុសជាច្រើន។
ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដី និងរូបភាពខាងក្រៅ ជៀសវាងមានវិប្បដិសារីដូចខ្ញុំ»។
Home តារាជាតិ