ភ្នំពេញ៖ លោក ថេណា  ជាតារាចម្រៀង Original មួយរូបដែលមិត្តយុវវ័យធ្លាប់បានស្គាល់ និងធ្លាប់បានស្តាប់នូវបទចម្រៀងរបស់លោកជាច្រើនបទរួចមកហើយ។ ថេណា ត្រូវបានមិត្តៗយុវវ័យស្គាល់តាមរយៈរូបរាងសង្ហា និងសម្លេងដ៏ពីរោះ គួបផ្សំនឹងការនិពន្ធបទចម្រៀងដ៏មានអត្ថន័យចាក់ដោតដួងចិត្តតែម្តង។ ជាក់ស្តែង ថេណាធ្លាប់បានបង្ហើរសំនៀងតាមរយៈបទចម្រៀងដែលជាស្នាដៃល្បីៗរបស់លោករួមមានដូចជា កង់សាគួរ, ខុសជំនាន់ និងភពឯកាជាដើម។

ថ្វីត្បិតបច្ចុប្បន្ននេះតារាចម្រៀងវ័យក្មេងរូបស្រស់សង្ហាម្នាក់នេះហាក់ជោគជ័យនៅក្នុងវិថីសិល្បះក៏ពិតមែន ប៉ុន្តែមានមនុស្សមួយចំនួនតូចដែលដឹងពីប្រវត្តិតស៊ូរបស់លោក ថេណា ថាលោកបានខិតខំប្រឹងប្រែងយ៉ាងណាទើបអាចកសាងខ្លួនឲ្យត្រចះត្រចង់ដូចសព្វថ្ងៃ។

ខណៈជាក់ស្ដែងនាមុននេះបន្តិចលោក ថេណា ក៏បានបង្ហោះរូបភាពចាស់មួយសន្លឹករបស់ខ្លួន ព្រមទាំងបានសរសេរភ្ជាប់មកជាមួយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឃើញ​រូប​ថត​ចាស់​នឹក​ស្រណោះ​ខ្លួន​ឯង​កណ្ដោចកណ្ដែង​តស៊ូ​លេី​វិស័យ​សិល្បៈ​មួយ​នេះ​តែ​ម្នាក់​ឯឯធ្វេីគ្រប់​យ៉ាង​តែ​ម្នាក់​ឯង​លុយ​ក៏គ្មាន​កាល​និង​តែ​អ្វី​ដែល​ខ្ញុំ​មាន​នោះគឺ​ចំណេះ​ដឹង​ផ្នែក​តន្ត្រី​ដែល​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ខំ​ប្រឹង​ហាត់​រៀន​តាំង​ពី​តូច​ កាល​នៅ​ក្មេង​ខ្ញុំ​ហាត់​ Guitar មួយ​ថ្ងៃ​ 8 ទៅ​ 10 ម៉ោងជា​រាងរាល់​ថ្ងៃ​ បន្ទាប់​ពី​នោះ​ខ្ញុំ​ទៅ​រៀន​ពី​កម្មវិធី​ធ្វើ​ភ្លេងនិង​លេង​ភ្លេង​ការ​ ធ្វើ​រឿង​ដដែល​ៗបែប​នេះ​ររហូតរាប់​ឆ្នាំ​រហូត​ដល់ឆ្អឹន​និង​វា​នៅ​ពេល​ដែល​យើង​ចេះ​អ្វី​មួយ​ច្បាស់​មិន​ខ្វះ​អ្នក​ត្រូវ​ការ​យេីង​ទេ​ការ​ងារ​អ្វី​ក៏​ល្អ​ដែរ​អោយ​តែ​យើង​ចេះ​វា​ច្បាស់» ៕