រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គ្រាន់តែបានបញ្ជាឲ្យកងទ័ពរបស់ខ្លួន វាយលុកលុយ ចូលក្នុងប្រទេសអ៊ុយក្រែន បានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បញ្ជាឲ្យកម្លាំងទាហាននុយក្លេអ៊ែរ ឲ្យស្ថិតក្នុងការប្រុងជើងការខ្ពស់ និង គំរាមកំហែងដល់ប្រទេសណា ដែលហ៊ានលូកដៃ នៅក្នុងសង្គ្រាមរបស់គាត់ ហើយរហូតមកដល់ពេលនេះ គាត់បានព្រមានជាលើកទី២ នៅតែមិនអាចធ្វើឲ្យបណ្ដាប្រទេសបស្ចិមលោកខ្លបខ្លាច ទើបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងមូស្គូ បានស្ដីបន្ទោស ដល់ប្រមុខការទូតរុស្ស៊ី ឈប់យកយុទ្ធសាស្រ្ដបែបហ្នឹងមកគំរាមបន្ដទៀត។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា បណ្ដាញទូរទស្សន៍ CNN បានរាយការណ៍ថា លោក ចន ស៊ុលលីវ៉ាន់ (John Sullivan) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរុស្ស៊ី បានបញ្ចេញសំឡេងរិះគន់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ កាលពីពេលថ្មីៗកន្លងនេះ ក្រោយពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានលើកឡើង អំពីសង្គ្រាមនុយក្លេអ៊ែរ អាចនឹងកើតឡើង។

មន្រ្ដីទូតរបស់សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ថា «យើងមិនបានចូលរួម នៅក្នុងសង្គ្រាមវោហារសាស្ត្រ មិនមានការទទួលខុសត្រូវ ទាក់ទងនឹងអាវុធមហាប្រល័យលោកនោះទេ។ ប៉ុន្ដែការគំរាមកំហែង ដោយការប្រើប្រាស់ពាក្យ «នុយក្លេអ៊ែរ» បែបនេះ គ្រាន់តែជាទម្រង់ នៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អ្នកឈ្លានពាន គំរាមកំហែងទៅលើគូជម្លោះតែប៉ុណ្ណោះ។ ប៉ុន្ដែយើងនឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរនោះឡើយ ប៉ុន្តែយើងនឹងមិនអត់ឱនឲ្យ ចំពោះការវាយប្រហារ ដោយនុយក្លេអ៊ែរ និង ការបំផ្លាញ ដោយនុយក្លេអ៊ែរនោះដែរ»។
លោក ចន ស៊ុលលីវ៉ាន់ (John Sullivan) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបន្ថែមថា បើទោះជា យើងមិនចូលរួម នៅក្នុងវោហារសាស្ត្រ ដែលមិនមានការទទួលខុសត្រូវ ទាក់ទងនឹងអាវុធមហាប្រល័យលោកក៏ដោយ ក៏ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទប់ស្កាត់រាល់ការវាយប្រហារ ដោយនុយក្លេអ៊ែរ ប្រឆាំងនឹងសហរដ្ឋអាមេរិក រួចជាសម្រេចហើយ» ។

ថ្លែង កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel One របស់រុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេស បានរំឭកថា កាលពីខែមករា សមាជិកអចិន្ត្រៃយ៍ទាំង៤ នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍ ស្តីពីការមិនអាចទទួលយកបាន ជុំវិញសង្គ្រាមនុយក្លេអ៊ែរ។

លោកស្រី ម៉ារៀ ហ្សេខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ នៅតាម Telegram ថា សេចក្តីថ្លែងការណ៍របស់បណ្ដាប្រទេសលោកខាងលិចមួយចំនួន ទាក់ទងនឹងការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ជាព័ត៌មានក្លែងក្លាយ។ បើតាមស្ដ្រីអ្នកនាំពាក្យរូបនេះ ចង់និយាយថា បស្ចិមប្រទេសមានការចាប់អារម្មណ៍តិចតួច លើអ្វីដែលរុស្ស៊ីនិយាយ ហើយដូច្នេះ ការបកស្រាយខុសគ្រប់យ៉ាង នៃសេចក្តីថ្លែងការណ៍ ដែលបានបញ្ចេញពីមុន ដោយប្រមុខការទូតរុស្ស៊ី៕