រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល ក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធា ជាបន្ដបន្ទាប់ មានតម្លៃរាប់សិបពាន់លានដុល្លារ នៅក្នុងកញ្ចប់ជំនួយចំនួន១៣,៦ពាន់លានដុល្លារ ដែលសភាអាមេរិក បានអនុម័ត កាលពីពេលដើមខែមុន ប៉ុន្ដែនៅពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំអនុម័តនូវកញ្ចប់ជំនួយថ្មី មានទំហំទឹកប្រាក់ ជាង៣០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់អ៊ុយក្រែន ហើយសកម្មភាពរបស់លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា មានចេតនាយ៉ាងសំខាន់ ចង់ឲ្យក្រុងគៀវ យកជ័យជម្នះ លើកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី ដើម្បីកាច់បំបាក់ធ្មុងរបស់ ពូទីន លែងឲ្យបង្កនូវអំពើឃោរឃៅបន្ដទៅទៀត។

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានស្នើព្រឹទ្ធសភា សម្រាប់កញ្ចប់ជំនួយថ្មី មានទំហំទឹកប្រាក់ រហូតដល់៣៣ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការស្នើសុំកញ្ចប់ជំនួយដ៏ច្រើនមហាសាលរបស់លោកប្រធានាធិបតី ក៏ជាសញ្ញាមួយ បង្ហាញអំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក អស់រយៈពេលយូរមកហើយ ប្រឆាំងនឹងក្រុងម៉ូស្គូ និង ភាពតានតឹងជាអន្តរជាតិ មិនទាន់មានភាពធូរស្បើយនៅឡើយ។

សំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកញ្ចប់ជំនួយទាំង៣៣ពាន់លាននោះ រួមមាន ប្រហែល២០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យយោធារបស់អ៊ុយក្រែន និងសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់នេះ ហើយ៨,៥ពាន់លានដុល្លារទៀត សម្រាប់ទុកឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskyy) បើកប្រាក់ខែ ដល់មន្រ្ដីរដ្ឋការ និង ទីភ្នាក់ងារផ្សេងៗទៀត។

ដោយឡែក ទឹកប្រាក់ចំនួន៣ពាន់លានដុល្លារផ្សេងទៀត សម្រាប់ស្បៀងអាហារពិភពលោក និង កម្មវិធីមនុស្សធម៌ រួមបញ្ចូលទាំងលុយ សម្រាប់ជួយដល់ជនភៀសខ្លួនអ៊ុយក្រែន ដែលរត់ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក ហើយជួយដល់កសិករអាមេរិក ផលិតស្រូវសាលី និង ដំណាំផ្សេងៗ ដើម្បីជំនួសស្បៀងអាហារដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអ៊ុយក្រន ធ្លាប់ផលិត។

កញ្ចប់ជំនួយដ៏ច្រើនបែបនេះ ត្រូវបានមន្ត្រីរដ្ឋបាលអាមេរិក ប៉ាន់ស្មានថា នឹងមានរយៈពេល៥ខែ គឺចំនួនច្រើនជាងពីរដង នៃទំហំជំនួយលើកដំបូង ចំនួន១៣,៦ពាន់លានដុល្លារ ដែលសភាសហរដ្ឋអាមេរិក បានអនុម័ត កាលពីដើមខែមុន ហើយឥឡូវនេះ កញ្ចប់ជំនួយនោះ ស្ទើរតែជិតអស់ទៅហើយ។ ជាមួយនឹងសង្គ្រាមបង្ហូរឈាម បានអូសបន្លាយ រហូតដល់ខែទី៣នេះ ក៏មានវិធានការនេះ ត្រូវបានរៀបចំឡើង សម្រាប់ផ្តល់សញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក និង ជំនួយផ្សេងទៀត នឹងមិនទាន់រលាយបាត់ឡើយ ហើយក្រុងមូស្គូ នឹងចាញ់សង្គ្រាមនេះ៕