រដ្ឋធានីគៀវ៖ កម្លាំងទាហានរុស្ស៊ី បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងរដ្ឋធានីគៀវ នាអំឡុងពេលដំណើរបំពេញទស្សនកិច្ចរបស់លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងនេះ ហើយសកម្មភាពយ៉ាងគឃ្លើនរបស់កម្លាំងយោធារបស់ប្រធានាធិបតី ពូទីន ត្រូវបានគេរៀបរាប់ អំពីសង្គ្រាម នៅក្នុងសតវត្សរ៍ទី២១។

សារព័ត៌មានឌឺមូស្គូថែមស៍ (The Moscow Times) របស់រុស្ស៊ី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា កងទ័ពរុស្ស៊ី បានវាយប្រហារតាមអាកាស ជាលើកដំបូង នៅក្នុងរយៈពេលជិត២សប្ដាហ៍មកនេះ នៅភាគខាងលិច រដ្ឋធានីគៀវ ។ ការវាយប្រហារនេះ បានកើតឡើង ក្រោយពេលប្រធានអង្គការសហប្រជាជាតិ ហៅកាត់ UN បានអញ្ជើញទៅពិនិត្យមើលស្ថានភាព នៅក្នុងទីក្រុងប៊ូចា (Bucha) និង នៅតាមកន្លែងផ្សេងទៀត នៃជាយរាជធានី ជាទីដែលមានសេចក្ដីរាយការណ៍ អំពីការសម្លាប់យ៉ាងរង្គាល លើជនស៊ីវិល រហូតនាំឲ្យមានការចោទប្រកាន់ អំពីបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ប្រឆាំងនឹងក្រុងមូស្គូ។

ក្រុមរដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនកំពុងតែស៊ើបអង្កេត លើមន្រ្ដីទាហានរុស្ស៊ី ចំនួន១០នាក់ ដោយសារមានការសង្ស័យ ពាក់ព័ន្ធនឹងអំពើឃោរឃៅ នៅក្នុងទីក្រុងប៊ូចា (Bucha) ជាទីរកឃើញសាកសពរបស់ជនរងគ្រោះ រាប់សិបនាក់ ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ក្រោយពេលកងទ័ពរុស្ស៊ី បានដកថយ។ ក្រុមរដ្ឋអាជ្ញា ក៏បានបានកំណត់ អំពីបទឧក្រិដ្ឋកម្មសង្គ្រាម ជាង ៨ ០០០ករណី ដែលត្រូវចោទប្រកាន់។

ដោយឡែក អ្នកនាំពាក្យ យោធារុស្ស៊ី បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា កងទ័ពក្រុងមូស្គូ បានវាយប្រហារតាមអាកាស ប្រឆាំងនឹងគោលដៅយោធា ចំនួន៣៨ ដោយបានបំផ្លាញឃ្លាំងអាវុធ ចំនួន៧កន្លែង។ ប៉ុន្ដែការអះអាងរបស់រុស្ស៊ី មិនត្រូវបានក្រុងគៀវ ឆ្លើយតបភ្លាមៗ នៅឡើយ។

លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាលក្រុងគៀវ និង ជាអតីតអ្នកប្រដាល់អាជីព បានបញ្ជាក់ថា «ការវាយប្រហាររបស់រុស្ស៊ី ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់សែវឆែនកូវស្គី (Shevchenkovsky) គឺធ្វើឲ្យខូចខាតជាន់ខាងក្រោម នៃអគារលំនៅឋាន ដោយបានបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែស្ថានភាពរងរបួសរបស់ពួកគេ មិនទាន់ដឹងច្បាស់នៅឡើយ។ នេះជាសកម្មភាពវាយប្រហារថ្មីរបស់រុស្ស៊ី នៅក្នុងអំឡុងពេលប្រមុខ UN មកបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ៕