បរទេស៖ សង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេលជាង៦០ថ្ងៃកន្លងមកនេះ ក្រៅតែពីការបង្កនូវមហាវិនាសកម្ម ដល់អ៊ុយក្រែន នោះ ក៏បាន និង កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីខ្លួនឯង និង ពិភពលោក ហើយបច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនធំៗរបស់រុស្ស៊ី ក៏ប្រឈមមុខនឹងទណ្ឌកម្ម ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍យក្សរបស់ប្រទេសមហាអំណាចយោធាកំពូលលំដាប់លេខ២នេះ ក៏ត្រូវបានហាមឃាត់នូវការហោះហើរ នៅលើដែនអាកាសរបស់លោកខាងលិចថែមទៀតផង។

គេហទំព័រ One Mile At A Time បានផ្សាយថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតលំដាប់ទី២របស់រុស្ស៊ី «S7 Airlines» បានផ្អាកដំណើរការ ចេញពីសម្ពន្ធភាពអាកាសចរណ៍របស់ពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់រុស្ស៊ី Aeroflot ក៏បានផ្អាក ចេញពីសម្ពន្ធភាព SkyTeam ដែលជាសម្ពភាពអកាសចរណ៍ដ៏ធំបំផុតមួយ ក្នុងចំណោមសម្ពន្ធភាពអាកាសចរណ៍ទាំង៣របស់ពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់រុស្ស៊ី Aeroflot បានប្រកាសថា ខ្លួនបានផ្អាកដំណើរការជាមួយនឹងសម្ពន្ធភាព Sky Team ។ អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀតនោះ SkyTeam និង Aeroflot បានយល់ព្រមផ្អាកសមាជិកភាព SkyTeam របស់ក្រុមហ៊ុនអាកាសចរណ៍ជាបណ្តោះអាសន្ន។

Sky Team បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការ ដើម្បីកំណត់អំពីផលប៉ះពាល់ដល់ភ្ញៀវ ហើយនឹងជូនដំណឹងដល់អ្នករងផលប៉ះពាល់ ដោយសារការប្រែប្រួលណាមួយ ចំពោះអត្ថប្រយោជន៍ និង សេវាកម្មរបស់ SkyTeam ជាមួយនឹងការផ្អាកដំណើរការនេះ រួមមាន៖
១- SkyTeam ផ្ដល់ផលអត្ថប្រយោជន៍ សម្រាប់អតិថិជនរបស់ដៃគូក្រុមហ៊ុនអាកាសចរណ៍ជាសមាជិក SkyTeam ខណៈនឹងត្រូវបានផ្អាកនូវការធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ។
២-SkyTeam ផ្ដល់ផលប្រយោជន៍ សម្រាប់អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot នឹងត្រូវបានផ្អាក ខណៈកំពុងធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ SkyTeam ផ្សេងទៀត។

សូមជម្រាបថា SkyTeam ជាសម្ពន្ធភាពក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយរបស់ពិភពលោក ហើយត្រូវបានបង្កើតឡើង នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០០០។ SkyTeam ក៏ជាសម្ពន្ធភាពចុងក្រោយ នៅក្នុងចំណោមសម្ពន្ធភាពទាំង៣ ដែលបានបង្កើតឡើង កាលពីមុនដំបូងចំនួន២ រួមមាន Star Alliance និង Oneworld ។ ដោយឡែក ចំនួនអ្នកដំណើរតាមផ្លូវអាកាសប្រចាំឆ្នាំរបស់ SkyTeam មានចំនួន៦៣០លាននាក់ ហើយនេះក៏ជាចំនួនធំលំដាប់ទី២ នៅក្នុងចំណោមសម្ពន្ធភាពក្រុមហ៊ុនអាកាសចរណ៍ធំៗទាំង៣របស់ពិភពលោក៕