រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថា ក្រុងបាងកក កំពុងតែជំរុញកសិករ ឲ្យដាំដំណាំស្វាយកាន់តែច្រើន សម្រាប់ការនាំចេញទៅកាន់ទីផ្សារពិភពលោកនោះមក តារាចម្រៀងរ៉េបរបស់ថៃ បាននាំបាយដំណើបស្វាយទុំនេះ ទៅ ល្បីល្បាញដល់សហរដ្ឋអាមេរិក។

សារព័ត៌មាន VOA បានផ្សាយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា តារាចម្រៀងរ៉េបថៃ MILLI បានទៅសម្ដែង នៅក្នុងមហោស្រពតន្ត្រី Coachella នៅសហរដ្ឋអាមេរិក ហើយបានបញ្ចប់ដោយការទទួលទានបង្អែមបាយដំណើបស្វាយទុំ នៅលើឆាក។ សកម្មភាពរបស់តារារូបនេះ បានធ្វើឲ្យមានអ្នកចាប់អារម្មណ៍ លើបង្អែមនេះ គ្របដណ្តប់ នៅលើបណ្តាញសង្គម នៅក្នុងប្រទេសថៃ កាន់តែខ្លាំងឡើង។

ការចាប់អារម្មណ៍ លើបាយដំណើបស្វាយទុំនេះ បាននាំឱ្យមនុស្សម្នា កាន់តែច្រើន មានការភ្ញាក់ផ្អើល ហើយកោតសរសើរ អំពីរសជាតិរបស់បង្អែមមួយមុខនេះ។ បង្អែមនេះ មានប្រជាជន ជាប់ចិត្ដ មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែសហរដ្ឋអាមេរិក ក៏មានអ្នកចាប់អារម្មណ៍ កាន់តែច្រើនឡើង។ ជាមួយនឹងចំណាប់អារម្មណ៍នេះ ក៏មានហាងលក់ម្ហូបអាហារ និង ម្ចាស់ភោជនីយដ្ឋានជាច្រើន បានបើកលក់ផ្លែស្វាយទុំ និង បង្អែមបាយដំណើប។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបង្ហាញនូវអារម្មណ៍ សប្បាយចិត្តយ៉ាងខ្លាំង ហើយលោក ក៏បានប្រកាសថា ថៃបាននាំចេញផ្លែស្វាយជាប់លំដាប់លេខ២ នៅក្នុងតំបន់អាស៊ី-ភាគអាគ្នេយ៍ ហៅកាត់ អាស៊ាន បន្ទាប់ពីម៉ាឡេស៊ី និង ឈរក្នុងលំដាប់លេខ៧ នៅលើពិភពលោក។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដីថៃ ក៏បានជំរុញឲ្យប្រជាកសិករ បង្កើននូវការដាំដុះដំណាំស្វាយនេះ ឲ្យកាន់តែច្រើនឡើង ព្រោះវាអាចជួយដល់សេដ្ឋកិច្ចប្រទេសជាតិបានយ៉ាងច្រើន ហើយជួយដល់ប្រជាកសិករ ដែលជាអ្នកដាំដុះនូវដំណាំប្រភេទនេះ កាន់តែមានជីវភាពល្អប្រសើរឡើង មួយកម្រិតថែមទៀតផង៕