រាជធានីឡុងដ៍៖ រហូតមកដល់ពេលនេះ នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី ចំនួន២០គ្រឿង រួមទាំងនាវាមុជទឹក ផងដែរ កំពុងតែធ្វើប្រតិបត្ដិការ នៅក្នុងសមុទ្រខ្មៅ ហើយស្របគ្នានេះដែរ ចក្រភពអង់គ្លេស ក៏កំពុងតែបញ្ជូនមីស៊ីល ប្រឆាំងនឹងនាវាចម្បាំងរាប់រយដើម សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ថា នៅក្នុងការធ្វើបច្ចុប្បន្នភាព លើការស៊ើបអង្កេតចុងក្រោយនេះ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ថា ឥឡូវនេះកងទ័ពជើងទឹករុស្ស៊ី មាននាវាចម្បាំង ប្រហែល២០គ្រឿង ស្ថិតក្នុងតំបន់ប្រតិបត្ដិការសមុទ្រខ្មៅ ដោយរួមទាំង នាវាមុជទឹកផងដែរ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបន្ថែមថា «ច្រកសមុទ្របូស្ប៉ូរូស (Bosporus) នៅតែបិទដល់នាវាចម្បាំងមិនមែនជារបស់តួកគី ធ្វើឲ្យមានការលំបាកដល់រុស្ស៊ី មិនអាចយកនាវាផ្សេង មកជំនួសនាវាចម្បាំងខ្នាតយក្សមូសខ្វា (Moskva) ដែលត្រូវរងការវាយប្រហារ នៅក្នុងសមុទ្រខ្មៅបានឡើយ។ ប៉ុន្ដែបើទោះជាមានការខាតបង់យ៉ាងអាម៉ាស់ ចំពោះនាវា Saratov និង នាវាចម្បាំងខ្នាតយក្ស Moskva យ៉ាងក៏ដោយ កងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី នៅតែរក្សាសមត្ថភាព នៅក្នុងការវាយប្រហារ ទៅលើគោលដៅនានា នៅក្នុងប្រទេសអ៊ុយក្រែន និង នៅតាមឆ្នេរសមុទ្រដដែល។

សារព័ត៌មាន The Times បានផ្សាយថា ចក្រភពអង់គ្លេស បានសម្រេចបញ្ជូនមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ប្រភេទប៊ីមស្ដូន (Brimstone Missle) រាប់រយគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រឹងកិច្ចការពារដែនទឹក ក្រោយការលិចនាវាចម្បាំងដ៏ធំ Moskva របស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។

លោក James Heappey មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិអង់គ្លេស បានអះអាងថា មីស៊ីល មានល្បឿនលឿន សម្រាប់ប្រឆាំងនឹងនាវាចម្បាំងនេះ នឹងទៅដល់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា ចក្រអង់គ្លេស កំពុងតែសម្លឹងមើល អំពីមធ្យោបាយ ផ្គត់ផ្គង់មីស៊ីល ប្រឆាំងនឹងនាវាចម្បាំង ជួយដល់កងទ័ពអ៊ុយក្រែន រួមទាំង ការដំឡើងប្រព័ន្ធកាំជ្រួចប៊្រីមស្ដូន (Brimstone) របស់ខ្លួន បំពាក់នៅលើយានយន្ត។

សូមជម្រាបថា មីស៊ីលប៊ីមស្ដូន (Brimstone missiles) ត្រូវបានរចនាឡើង នៅក្នុងអំឡុងឆ្នាំ១៩៩៦ ហើយវាអាចប្រើប្រាស់ សម្រាប់ប្រឆាំងនឹងសកម្មភាពយ៉ាងលឿន នៅលើដី និង គោលដៅ នៅលើសមុទ្រ ហើយក៏អាចបាញ់ចេញពីលើយន្ដហោះ ផងដែរ។ មីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន MBDA របស់អង់គ្លេស ហើយមានល្បឿន ជាង១ ៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៊ីលប៊ីមស្ដូន មានតម្លៃ ជាង២៥០ ០០០ដុល្លារ ក្នុង១គ្រឿង៕