រដ្ឋធានីគៀវ៖ អ៊ុយក្រែន ធ្លាប់ជារដ្ឋមួយចំណុះឲ្យអតីតសហភាពសូវៀត ក៏ដូចបណ្ដារដ្ឋជាច្រើនទៀតដែរ ប៉ុន្ដែក្រោយពេលប្រទេសមហាអំណាចកំពូល និង មានឥទ្ធិពលបំផុត នៅក្នុងប្លុកកុម្មុយនីស្ដ បានដួលរំលំ កាលពីអំឡុងឆ្នាំ១៩៩១ នោះមក បណ្ដារដ្ឋទាំង១៥ ក៏ក្លាយជារដ្ឋឯករាជ្យ ហើយនៅពេលនេះ ពូទីន ចង់ប្រមូលរដ្ឋទាំងនោះ ឲ្យស្ថិតក្រោមចំណុះរបស់ខ្លួន តាមមធ្យោបាយ គំរាមកំហែង ដោយយោធា ទើបចៅហ្វាយក្រុងគៀវ បានប្រាប់ត្រឡប់ទៅវិញថា កុំដេកស្រមៃ។

លោក វីតាលី គ្លីតស្កូ (Vitali Klitschko) ចៅហ្វាយក្រុងគៀវ និង ជាអតីតកីឡាករប្រដាល់អាជីព បានប្រាប់ដល់សារព័ត៌មាន Euro News ថា សាររបស់គាត់ ចង់ផ្ញើរទៅលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ថា ប្រទេសអ៊ុយក្រែន ក្លាយជា «គ្រួសាររបស់អឺរ៉ុប» ហើយប្រជាជនអ៊ុយក្រែន មិនចង់រស់នៅក្នុងប្រទសមួយ ដោយគ្មានសិទ្ធិសេរីភាព ដូចសម័យអតីតកាលនោះឡើយ។

លោក Vitali Klitschko ចៅហ្វាយក្រុងគៀវ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ថ្វីត្បិតតែរុស្ស៊ី បន្តវាយប្រហារ មកលើទឹកដីអ៊ុយក្រែន ក៏ពិតមែន តែជីវិតរស់នៅក្នុងរដ្ឋធានីគៀវ (Kyiv) នឹងកំពុងតែវិលទៅរកភាពប្រក្រតីវិញ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗខាងមុខនេះ។ ដោយឡែក វិស័យដឹកជញ្ជូនសាធារណៈ កំពុងតែរៀបចំ ហើយមហោស្រព និង រោងកុន ក៏នឹងបើកដំណើរការឡើងវិញ។ រីឯច្រាំងទន្លេឌីនីប៉្រូ (Dnipro River) ទាំង២ នឹងតភ្ជាប់ឡើងវិញ។

ទោះយ៉ាងណា លោកចៅហ្វាយក្រុងគៀវ បានព្រមានថា ទីក្រុងនេះ នៅមិនទាន់មានសុវត្ថិភាពល្អនៅឡើយ។ ប្រជាជន កាន់តែច្រើន នឹងធ្វើដំណើរតាមដងផ្លូវ។ ចំណែកហាងកាហ្វេ ភោជនីយដ្ឋាន និង អាជីវកម្មនានា នឹងបើកទ្វារ ទទួលអតិថិជនឡើងវិញ។

សូមជម្រាបថា សូវៀត មានឈ្មោះជាផ្លូវការ «សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត» ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ ហើយបានដួលរលំទៅវិញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១។ ប្រទេសមហាអំណាចកំពូលប្លុកកុម្មុយនីស្ដមួយនេះ មានផ្ទៃដី ២២ ៤០២ ២០គីឡូម៉ែត្រការ៉េ ដោយមានរដ្ឋចំនួន១៥ជាចំណុះ រួមមាន រុស្ស៊ី, អ៊ុយក្រែន, បេឡារុស, អ៊ុយបេគីស្ថាន, កាហ្សាក់ស្ថាន, ហ្សកហ្ស៊ី, អាហ្សែបៃសង់, លីហ្ស៊ូអេនៀ (Lithuania), ម៉ូលដូវី, ឡាតវី, គីជីស្ថាន, តាជីគីស្ថាន, អាមេនី, ធីមីនីស្ថាន និង អេស្ដូនី។

ក្រោយការដួលរលំ នៃសហភាពសូវៀត នោះមក រដ្ឋទាំងអស់ ក៏បានប្រកាស ពីឯករាជភាពរបស់ខ្លួន ហើយរុស្ស៊ី ក៏បានស្នងមរតក បន្សល់មកពីអតីតសហភាពសូវៀត ទាំងយោធា និង សេដ្ឋកិច្ចយ៉ាងខ្លាំងក្លាជាងគេ។ ប៉ុន្ដែបន្ទាប់ពីការឡើងកាន់អំណាច បន្ដពីលោក ប៊ូរី យ៉ែលស៊ីន (Boris Yeltsin) នាអំឡុងឆ្នាំ១៩៩៩មក លោក វ៉្លាឌីមៀរ ពូទីន បានចិញ្ចឹមចិត្ត ចង់បង្រួបបង្រួមរដ្ឋទាំងនោះ ឲ្យវិលមករួបរួមគ្នាវិញ ដូចសម័យសហភាពសូវៀត។

ដោយឡែក ប្រទេសចំនួន៣ នៅក្នុងចំណោមរដ្ឋទាំងនោះ ក៏បានចូលទៅរួមរស់ជាមួយអង្គការណាតូ មានដូចជា អេស្ដូនី, ឡាតវី និង លីហ្ស៊ូនៀ (Lithuania)។ ចំណែកប្រទេស ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ផ្សេងទៀត កំពុងតែព្យាយាម ចូលរួមរស់ជាមួយសហភាពអឺរ៉ុប និង អង្គការណាតូ ព្រោះពួកគេមិនចង់ នៅក្រោមឥទ្ធិពលរបស់រុស្ស៊ី នោះឡើយ៕