រដ្ឋធានីវ៉ាស៊ីនតោន៖ គិតត្រឹម ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជាង២ខែកន្លងមកហើយ នៅតែមិនទាន់មានពន្លឺសន្ដិភាព ហើយផលប៉ះពាល់ នៃវិបត្ដិនេះ កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ពិភពលោក ជាពិសេស បណ្ដាប្រទេសក្រីក្រ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា មូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF បានថ្លែង កាលពីថ្ងៃពុធ ថា «សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំង ដល់តំបន់មជ្ឈិមបូព៌ា និង អាហ្រ្វិកខាងជើង ព្រោះវិបត្តិនេះ កំពុងតែរុញច្រានប្រទេស មានប្រាក់ចំណូលទាបឲ្យធ្លាក់ចុះ ខណៈវាផ្តល់ផលប្រយោជន៍ច្រើន សម្រាប់បណ្ដាប្រទេសផលិតប្រេងតែប៉ុណ្ណោះ។

មូលនិធិរូបិយវត្ថុអន្ដរជាតិ បានព្យាករកំណើតសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ នៅក្នុងតំបន់នេះថា បណ្ដាប្រទេសអារ៉ាប់ និង អ៊ីរ៉ង់ មានកំណើត៥ភាគរយ ដោយការព្យាករ កាលពីឆ្នាំកន្លងទៅ។ ប៉ុន្តែកំណើន នៃការព្យាករណ៍នេះ មានភាពខុសគ្នា រវាងប្រទេស ចំនួន២២ នៅក្នុងតំបន់ រាប់ចាប់ពីប្រទេសនាំចេញប្រេងសំខាន់ៗ រហូតដល់ប្រទេសរងគ្រោះ ដោយសារសង្រ្គាម និង បណ្ដាប្រទេសផ្សេងទៀត ពឹងផ្អែកខ្លាំង លើការនាំចូលស្រូវសាលី ក៏ដូចជា ការនាំចូលអ៊ីដ្រូកាបូន ផងដែរ។

បើតាមរបាយការណ៍របស់ IMF បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និង ការដាក់កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងក្រុងមូស្គូ បានធ្វើឲ្យប៉ះពាល់ដល់តំបន់នេះ តាមរយៈពហុបណ្តាញ ដោយផ្ទាល់ និង ដោយប្រយោល។

លោក ជីហាដ អេហ្ស៊ូ (Jihad Azour) នាយក IMF ប្រចាំតំបន់មជ្ឈិមបូព៌ា និង អាស៊ីកណ្ដាល បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «មុនពេលផ្ទុះសង្គ្រាម នៅអ៊ុយក្រែន សេដ្ឋកិច្ចក្នុងតំបន់ បានបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង… ប៉ុន្ដែក៏មានការព្រមានតែមួយគត់ គឺអតិផរណា បានចាប់ផ្តើមកើនឡើង នៅឆ្នាំ២០២១ ហើយនៅតែបន្ដកើនខ្ពស់»។

លោក ជីហាដ អេហ្ស៊ូ (Jihad Azour) នាយក IMF សម្រាប់តំបន់មជ្ឈិមបូព៌ា និង អាស៊ីកណ្ដាល បានបន្ថែមថា បណ្ដាប្រទេស មានប្រាក់ចំណូលទាប ប្រឈមមុខនឹងសម្ពាធកើនឡើងខ្លាំង ដោយសារកម្រិតសន្តិសុខស្បៀងតិច និង ការពឹងផ្អែកខ្លាំង លើការនាំចូល ពីរុស្ស៊ី និង អ៊ុយក្រែន ដែលជាប្រទេសផលិតស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក។

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានព្រមានថា ទីផ្សារកំពុងតែរីកចម្រើន ហើយប្រទេស មានប្រាក់ចំណូលមធ្យម ក៏ប្រឈមមុខនឹងការរំពឹងទុក កាន់តែអាក្រក់ ដោយសារសមត្ថភាពរបស់រដ្ឋាភិបាល នៅមានកម្រិត ក្នុងការទប់ទល់នឹងអតិផរណា ខណៈភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ នៅតែកើតមានបន្ដ។ ប៉ុន្ដែទោះជាយ៉ាងណា លោក Azour បានអះអាងថា ការកើនឡើង នៃតម្លៃប្រេងឆៅ បានគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនាំចេញប្រេង៕