រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេលជាង២ខែកន្លងមកនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងខ្លាំង ដល់ប្រទេសអ៊ុយក្រែន នោះ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា ប្រសិនបើរុស្ស៊ី អាចគេចផុត ពីការបង់ថ្លៃខូចខាត ដោយសារសង្គ្រាមនេះ នឹងធ្វើឲ្យខូចខាតដល់សណ្ដាប់ធ្នាប់សន្ដិសុខអន្ដរជាតិ ហើយវានឹងនាំឲ្យមានគ្រោះថ្នាក់កាន់តែធំដល់ប្រទេសតូចតាច។

សារព័ត៌មាន CNN បានផ្សាយថា លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានប្រាប់ដល់លោក ជីម ស្គូតតូ (Jim Sciutto) ជាអ្នកសារព័ត៌មានអាមេរិក និង ជាអតីតមន្ត្រីរដ្ឋាភិបាល ដែលធ្លាប់ធ្វើជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់បណ្ដាញទូរទស្សន៍ CNN ថា «សណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ» ទាំងមូល ដែលត្រូវបានដាក់ឱ្យអនុវត្ត ក្រោយពេលសង្គ្រាមលោកលើកទី២ កំពុងតែជាប់គាំង ប្រសិនបើប្រទេសរុស្ស៊ី បានគេចផុត ពីការមិនបង់ថ្លៃខូចខាត ដោយសារសង្គ្រាមលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន។

មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានថ្លែងបែបនេះ ចំពេលលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងតែធ្វើជាប្រធាន នៃជំនួបជាមួយនឹងសម្ពន្ធមិត្តជាង៤០ប្រទេស នៅក្នុងមូលដ្ឋានកងទ័ពអាកាសរ៉ាមស្ដេន (Ramstein) របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាឡឺម៉ង់ ដើម្បីពិភាក្សា អំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន និង ការប្រមែប្រមូលជំនួយយោធាបន្ថែមទៀត ជួយដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែរងគ្រោះ ពីសង្គ្រាម បង្កឡើងដោយរុស្ស៊ី។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា «ប្រសិនបើរឿងបែបនេះ ទុកឲ្យនៅតែកើតឡើង ជាដដែលៗ ដោយគ្មានចម្លើយ ជុំវិញការឈ្លានពាននេះទេ ហើយប្រសិនបើរុស្ស៊ីគេចផុតពីការបង់ថ្លៃលើការខូចខាតដោយសង្គ្រាមឈ្លានពាននេះទេ នោះគេហៅអ្វីទៅ ជាសណ្តាប់ធ្នាប់អន្តរជាតិ ហើយប្រសិនបើវានៅតែកើតឡើងបន្ដទៀត នោះយើងឈានចូលដល់សម័យកាលមួយផ្សេងហើយ។ ចំណែកការកើនឡើងអស្ថិរភាព នៅលើពិភពលោក ក៏កាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀតផងដែរ»។

មេទ័ពកំពូលសហរដ្ឋអាមេរិក បានបន្ថែមថា «អ្វីដែលជាបញ្ហា គឺសណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ ជាសកល ត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ១៩៤៥។ សណ្តាប់ធ្នាប់អន្តរជាតិនេះ បានអនុវត្ត អស់រយៈពេល៧៨ឆ្នាំកន្លងមកហើយ ហើយវាបានរារាំងដល់សង្រ្គាមរបស់មហាអំណាច និងគូសបញ្ជាក់ អំពីគំនិតទាំងមូលថា ជាគំនិតដែលប្រទេសធំៗ នឹងមិនអាចធ្វើសកម្មភាព ឈ្លានពានដោយយោធា ប្រឆាំងនឹងប្រទេសតូចតាច ឬប្រទេសទន់ខ្សោយបាននោះឡើយ។ តើនឹងមានអ្វីកើតឡើង នៅទីនេះ ប្រសិនបើមានការឈ្លានពាន ដោយកម្លាំងយោធា បង្កហេតុដោយរុស្ស៊ី ប្រឆាំងនឹងប្រទេសតូចជាងខ្លួននោះ»។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានព្រមានថា សង្គ្រាមបង្កឡើងដោយរុស្ស៊ី នឹងមានផលប៉ះពាល់ ជាសកលដ៏ខ្លាំងក្លាបំផុត នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវទទួលបានការផ្ដោតអារម្មណ៍ជាបន្ទាន់នាពេលបច្ចុប្បន្ន ដោយសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ខ្លួន ខណៈសង្រ្គាមនេះ បានឈានចូលដល់អ្វីដែលគេហៅថា ជាចំណុចប្រសព្វដ៏សំខាន់បំផុត។

ក្រោយបទសម្ភាសន៍ជាមួយនឹងលោកឧត្ដមសេនីយ៍ មីលឡេ មិនបានប៉ុន្មានផង លោក ឡយ អូស្ទីន រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសកម្មភាពយ៉ាងឆាប់រហ័ស សម្រាប់ការផ្តល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្ដី ក៏បាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ក៏ដូចជា ដៃគូផ្សេងទៀត «នឹងមិនធ្វើឲ្យខាតពេលវេលា» ជុំវិញការនិយាយ អំពីការផ្តល់ជំនួយដ៏សំខាន់ ជួយដល់អ៊ុយក្រែន សម្រាប់ទប់ទល់នឹងរុស្ស៊ី ខណៈការឈ្លានពានរបស់ក្រុងមូស្គូតែនៅតែបន្ត៕