មានហេតុការណ៍មួយដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅសមុទ្រមួយកន្លែង ព្រោះតែទូកទេសចរណ៍ខ្នាតតូចមួយគ្រឿងបានទៅបុកជាមួយនឹងត្រីបាឡែន រហូតធ្វើឱ្យទូកហោះប៉ើងទៅខាងលើយ៉ាងខ្ពស់ដែលបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ធ្លាក់ចូលទឹក និងបណ្ដាលឱ្យរងរបួសផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ការជួបហេតុការណ៍មួយនេះផងដែរបានកើតឡើងនៅសមុទ្រមួយកន្លែងនៃប្រទេស ម៉ិច ស៊ិចកូ ដែលបានធ្វើឱ្យមហាជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានដឹងដំណឹងទាក់ទងនឹងករណីមួយនេះ។ ក្នុងថ្ងៃកើតហេតុមួយនោះត្រូវបានគេដឹងថា មានទូកទេសចរណ៍ខ្នាតតូចមួយគ្រឿងដោយមានមនុស្សនៅលើនោះចំនួន៦នាក់ ពួកគេបានជិះកម្សាន្តនៅលើផ្ទៃកណ្ដាលសមុទ្រយ៉ាងស្រស់ស្រាយ និងរីករាយជាខ្លាំង ពួកគេបានបើកនូវល្បឿនមួយលឿនគួរសម ខណៈកំពុងតែបើក សុខៗមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ​ដោយទូកនោះបានបុកជាមួយនឹងទួលដ៏ធំសម្បើមមួយ រហូតបណ្តាលឱ្យទូក​ហោះឡើងលើយ៉ាងខ្ពស់ និងបណ្ដាលឱ្យមនុស្សនៅលើនោះធ្លាក់ចូលក្នុងទឹកទាំងអស់ ព្រមទាំងរងបួសមួយចំនួន ហើយត្រូវបានអ្នកជួយសង្គ្រោះជួយទាន់ពេលវេលាផងដែរ។ ទាក់ទងនិងករណីនេះគេបានឱ្យដឹងថា សត្វដែលត្រូវបានទូកបុកនោះគឺជាត្រីបាឡែនឈ្មោលដ៏ធំមួយក្បាលដែលបានហែលបណ្ដែតខ្លួនលើផ្ទៃសមុទ្រ ប៉ុន្តែអ្នកទេសចរទាំងអស់នោះមើលមិនឃើញ ទើបបានបុកមួយទំហឹងបែបនេះ។  ក្នុងនោះពួកគេទាំង៦នាក់សុទ្ធតែរងរបួស ដែលមានកុមារបីនាក់ និងមានមនុស្សធំចំនួនបីនាក់ ក្នុងចំណោមនោះមានម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

យ៉ាងណាមិញទាក់ទងនឹងករណីខាងលើអាជ្ញាធរក្នុងតំបន់ក៏បានប្រកាសឱ្យអ្នកដែលធ្វើដំណើរកម្សាន្តនៅលើសមុទ្រទាំងអស់មានការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីចៀសវាងការជួបគ្រោះថ្នាក់ដោយយថាហេតុណាមួយ៕ ប្រភព៖ Khaosod