ប្រទេសថៃ៖ ប្រជាកសិករគ្រប់រូបច្បាស់ជាជ្រាបហើយជាមួយនឹងតម្លៃជីគីមីឡើងថ្លៃកប់ពពក ស្ទើរតែគ្រប់ប្រទេសលើពិភពលោក ព្រោះតែបញ្ហាវបត្តិសង្គ្រាមនៅ អ៊ុយ ក្រែន និង រុស្ស៊ី ដែលបានបាត់ចង់កន្លែងដ៏ទៅពីរធំៗក្នុងការផលិតជីគីមីសម្រាប់ផ្គត់ផ្គង់លើពិភពលោក ដោយឡែកក្រឡេកមកកាន់ប្រទេសថៃដែលជាប្រទេសជិតខាងយើងវិញក៏ជួបនូវបញ្ហាជីឡើងថ្លៃដូចគ្នា និងកំពុងតែរកដំណោះស្រាយណាមួយដើម្បីបន្ធូរដល់បន្ទុកកសិករក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokbiznews។

ទាក់ទងនឹងបញ្ហាការឡើងថ្លៃជីគីមីក្នុងប្រទេសថៃបានធ្វើឱ្យប្រជាជាកសិករជាច្រើនមានការព្រួយបារម្ភជាខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រហូតមានកសិករខ្លះសម្រេចចិត្តផ្អាកការដាំដុះដំណាំរបស់ខ្លួនមួយចំនួន ព្រោះតែជីគីមីគ្រប់ប្រភេទបានកើននូវតម្លៃជាលំដាប់ ដោយប្រភេទជីគីមីទាំងនេះបានកើនឡើងលើសពីតម្លៃដើមខ្ពស់កប់ពពក ដូចជា៖

១. ជីអ៊ុយរ៉េ ៤៦-០-០ កើនឡើងពីឆ្នាំមុន ៣៦០ ដុល្លារក្នុងមួយតោនកើនដល់ ១,០០០ ដុល្លារក្នុងមួយតោន។

២. ជីអាម៉ូញ៉ូមស៊ុលហ្វាត ២១-០-០ កើនឡើងពីឆ្នាំមុន ១៨០ ដុល្លារក្នុងមួយតោនកើនដល់ ៤០០ ដុល្លារក្នុងមួយតោន ឬកើនឡើង ១២២ភាគរយ

៣. ជីPhosphate ១៨-៤៦-០ ពីឆ្នាំមុន ៥៧០ ដុល្លារ ក្នុងមួយតោន កើនដល់ ១១៦៤ ដុល្លារ ក្នុងមួយតោន ដែលកើនឡើង ១០៤ ភាគរយ។

៤. ជីប៉ូតាស្យូម ០-០-៦០ ពី ២៥៦ ដុល្លារ ក្នុងមួយតោន កើនដល់ ៧៥០ ដុល្លារក្នុងមួយតោន ឬកើន ១៩៣ ភាគរយ។

ដោយសារតម្លៃជីលើទីផ្សារពិភពលោកឡើងថ្លៃបែបនេះហើយទើប មានក្រុមហ៊ុនជាច្រើនបានស្នើទៅនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ដើម្បីកែសម្រួលតម្លៃជី ដោយបានជូនដំណឹងជាបណ្តើរៗពីតម្លៃជីទៅនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងធ្វើការពិនិត្យ។ ក្នុងនោះលោក Wattanasak Sueaiam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃប្រទេសថៃ បានមានប្រសាសន៍ថា​ ​ខ្លួននឹងពិចារណាលើសំណើរមួយនេះ ក៏ប៉ុន្តែវានៅតែស្ថិតក្រោយល័ក្ខខ័ណ្ឌនៃបញ្ហាពិភពលោកដែលបានកើតឡើង ហើយខ្លួននឹង ពិចារណាគ្រប់ទិដ្ឋភាព និងពិចារណាគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានផល់ប៉ះពាល់តិចបំផុត ទាំងអ្នកផលិត ពាណិជ្ជករ និងកសិករដែលប្រើប្រាស់ ទន្ទឹមនឹងនោះកាតព្វកិច្ចរបស់ក្រសួងពាណិជ្ជកម្ម គឺ ត្រូវ តាមដានតម្លៃខ្ពស់ដែលក្លាយជាបន្ទុកដល់អ្នកប្រើប្រាស់ ហើយនឹងត្រួតពិនិត្យមិនឱ្យមានឱកាសឡើងថ្លៃដែលមិនសមហេតុផលណាមួយឡើយ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហាខាងលើនេះដែរលោក Jirasak Boriboon ជាសហករណ៍ខេត្ត Ranong រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកប្រើប្រាស់ជីសរីរាង្គ ដែលធ្វើពីធម្មជាតិក្នុងពេលមានការឡើងថ្លៃនូវជីគីមីនេះ ដោយលោកបានលើទឹកចិត្តឱ្យអ្នកដែលមានចំការដូងផ្សេងៗ ធ្វើជីកំប៉ុសពីរុក្ខជាតិងាប់ៗទាំងអស់នោះក្នុងចំការរបស់ពួកគេ ដើម្បីដាក់លក់ធូរថ្លៃសម្រាប់ប្រជាកសិករដែលចង់ជាវយកទៅប្រើប្រាស់ ហើយនឹងចាប់ផ្ដើមពង្រីកវគ្គបណ្ដុះបណ្តាលពីការធ្វើជីកំប៉ុសយ៉ាងមានប្រសិទ្ធភាព និងល្អជាងជីគីមី យកមកប្រើប្រាស់ដោយការចំណាយតិចតួចបំផុតក្នុងកំឡុងពេលមានវិបត្តិមួយនេះផងដែរ៕ ប្រភព៖ bangkokbiznews