ប្រទេសចិន៖ កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទង ឪពុក និងកូនស្រីចិញ្ចឹមដ៏ស្រស់ស្អាត ដោយនាងទទួលបានភាពជោគជ័យក្នុងជីវិតបន្ទាប់ពីរស់នៅជាមួយឪពុកធម៌កំសក់ និងឆ្លងកាត់រឿងជូរចត់កន្លងមកហើយនោះ នាងបានសងគុណលោកឪពុករបស់នាងយ៉ាងគួរឱ្យសរសើរ។

ទាក់ទងនឹងរឿងរ៉ាវ​ខាងលើនេះផងដែរបានកើតឡើងនៅក្នុងប្រទេសចិន ដោយឪពុកកូនទាំងពីរនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងមនោសញ្ចេតនារវាងឪពុកកូនអ្នកទាំងពីរ បើទោះបីជាពួកគេមិនមែនជាឪពុកកូនបង្កើតនឹងគ្នាក៏ដោយ។ ក្នុងនោះគេបានឱ្យដឹងថាឪពុកកម្សត់ម្នាក់នោះមានឈ្មោះថា ចាងសួងជី មានវ័យ៧៥ឆ្នាំ និងកូនស្រីមានឈ្មោះថា ចាង ប៉ៃកឺ មានវ័យ២៤ឆ្នាំ ដោយដំបូងឡើយនៅក្នុងឆ្នាំ១៩៩៨ លោក ចាង សួងជី បានធ្វើដំណើរទៅកាន់ស្រែ ចម្ការរបស់ខ្លួនដូចរាល់ដង តែចម្លែកពេលនោះលោកបានឮសម្លេងរបស់ទារកយំយ៉ាងខ្លាំងក៏រកមើល ស្រាប់តែបានឃើញទារកម្នាក់ ភេទស្រី ទន្ទឹមនឹងនោះលោក ចាង សួងជី ក៏បានគិតថាទារកនេះប្រហែលជាកូនដែលគេយកមកបោះបង់ចោលហើយមើលទៅ លោកក៏សម្រេចចិត្តយកកូននោះមកចិញ្ចឹមធ្វើជាកូនរបស់ខ្លួន ដោយសារតែលោកក៏គ្មានប្រពន្ធស្រាប់ផង។ លុះពេលនាងធំដឹងក្ដីមកលោកបានបញ្ជូននាងទៅកាន់សាលារៀនដូចក្មេងដទៃដើម្បីអនាគតដ៏រុងរឿង ស្របពេលដែលលោក ចាងសួងជី កំពុងតែមានបញ្ហាលុយកាក់ជាខ្លាំង ហើយខំតស៊ូក្នុងការប្រកបរបររកស៊ីដើម្បីការសិក្សារបស់កូនស្រីចិញ្ចឹម ពេលខ្លះត្រូវរើសអេតចាយ និងខំធ្វើកសិកម្មដើម្បីមានប្រាក់ចំណូលបន្ថែម។  នៅពេលដែល ចាងប៉ៃកឺ ​ចាប់ផ្ដើមបញ្ចប់ការសិក្សានាងក៏រកការងារធ្វើ ព្រមទាំងនឹកឃើញពីគុណឪពុក ថានឹងធ្វើឱ្យឪពុកចិញ្ចឹមរបស់នាងរស់នៅបានស្រួលលែងឱ្យលំបាកដូចមុន ដោយប្រាក់ខែដំបូងនាងបានទិញពូកឱ្យឪពុកគេង ព្រោះលោកមិនធ្លាប់បានគេងស្រួលបែបនេះនោះទេ ក្រោយមកទៀតនាងបានព្យាយាមធ្វើការរហូតមានក្រុមហ៊ុនក្នុងដៃ ដែលជាចំនួនទឹកប្រាក់រាប់រយលានដុល្លារ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនាងបានលក់ក្រុមហ៊ុនរបស់ខ្លួន រួចក៏ចាប់ផ្ដើមនាំឪពុកជរាម្នាក់នោះដើរកម្សាន្តគ្រប់ទីកន្លែងទាំងអស់ ព្រោះតែការស្រឡាញ់ទៅកាន់ឪពុក និងជាការសងគុណនូវការចិញ្ចឹមបីបាច់នាង ដោយក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តកន្លងមក។

យ៉ាងណាមិញ ចាង ប៉ៃកឺ នាងគ្រាន់តែសង្ឃឹមថាឪពុកម្នាក់នេះនឹងមានក្ដីសុខក្នុងវ័យជរាមួយនេះ ព្រោះគាត់មិនធ្លាប់បានសប្បាយក្នុងដំណើរកម្សាន្តណាមួយពីរមុនមកនោះ៕ ប្រភព៖ Khaosod