រដ្ឋធានីគៀវ៖ ដោយសារតែ រុស្ស៊ី នៅតែមិនទាន់បានបង្ហាញសញ្ញាបន្ធូរបន្ថយ នៅក្នុងការវាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន នោះ ប្រមុខការទូតក្រុងវ៉ាស៊ីនតោន និង រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់រដ្ឋធានីគៀវ តែម្ដង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ហ្សេឡែនស្គី ជាមួយនឹងជំនួយថ្មី រាប់រយលានដុល្លារបន្ថែមទៀត សម្រាប់អនុញ្ញាតឲ្យក្រុងគៀវ មានលទ្ធភាពទប់ទល់នឹងការវាយលុក ពីកម្លាំងឈ្លានពានរបស់រុស្ស៊ី។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ថា លោក អែនតូនី ប៊្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសក្រុងវ៉ាស៊ីនតោន និង លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងរដ្ឋធានីគៀវ ចាប់តាំងពីប្រទេសអ៊ុយក្រែន បានរងនូវការឈ្លានពានពីកម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នៅក្នុងសង្គ្រាម អស់រយៈពេលជាង២ខែកន្លងមកនេះ កំពុងតែធ្វើឲ្យប្រទេសអឺរ៉ុបខាងកើតមួយនេះ ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ និង បញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ថា ប្រមុខការទូតសហរដ្ឋអាមេរិក និង ប្រធានមន្ទីរបញ្ចកោណ បានទៅបំពេញទស្សនកិច្ចដ៏កម្រ នៅក្នុងប្រទេសអ៊ុយក្រែ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានកោតសរសើរ អំពីចំណងទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសទាំង២។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោក អែនតូនី ប៊្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេស និង លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសន្យា ផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ចំនួន៣២២លានដុល្លារបន្ថែមទៀត។ រីឯការលើកឡើងរបស់មន្រ្ដីកំពូលសហរដ្ឋអាមេរិកទាំង២រូបនេះ បានកើតឡើង ក្រោយពេលមានជំនួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន។

មន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក សុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ បានប្រាប់ដល់សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Guardian ថា លោក ប៊្លីនខែន រដ្ឋមន្រ្ដីក្រសួងការបរទេស និង លោក អូស្ទីន រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានយោធាបរទេស សរុប៧១៣លានដុល្លារ សម្រាប់អ៊ុយក្រែន និង ប្រទេសជាដៃគូចំនួន១៥។ ចំនួនទឹកប្រាក់ទាំងនេះ ក៏រាប់បញ្ចូល នៅក្នុងជំនួយយោធា មានទំហំទឹកប្រាក់ ចំនួន៣២២លានដុល្លារ សម្រាប់ក្រុងគៀវ ផងដែរ។ ដោយឡែក ជំនួយហិរញ្ញវត្ថុ គឺខុសពីជំនួយ ដែលត្រូវបានបែងចែក កាលពីមុន។ ជាពិសេស ជំនួយទាំងនេះ នឹងទូទាត់ជាសាច់ប្រាក់ ដែលនឹងអនុញ្ញាតឱ្យក្រុងគៀវ អាចទិញគ្រឿងផ្គត់ផ្គង់ តាមតម្រូវការរបស់ខ្លួន។

បើគិតចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានលើកកងទ័ព វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់រដ្ឋាភិបាលក្រុងគៀវ មានទំហំទឹកប្រាក់ ចំនួន៣,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយជាបន្ដបន្ទាប់ ជួយដល់ក្រុងគៀវ ក្រោយពេលសភាសហរដ្ឋអាមេរិក កាលពីពេលកន្លងមកនេះ បានអនុម័តនូវកញ្ចប់ជំនួយ មានទំហំទឹកប្រាក់ ចំនួន ១៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន៕