ប្រទេសថៃ៖ នារីដ៏ស្រស់សោភាម្នាក់បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលក្រោយពីបានឮដំណឹងនៃការបាត់ខ្លួនរបស់នាងអស់រយៈពេល១ឆ្នាំ ដែលបានធ្វើឱ្យក្រុមគ្រួសាររបស់នាងមានក្ដីបារម្ភជាខ្លាំងព្រោះតែទាក់ទងមិនបានបន្ទាប់ពីនាងទៅធ្វើការឆ្ងាយពីផ្ទះ ប៉ុន្តែនាងស្រាប់តែលេចនូវវត្តមានមកវិញហើយបង្ហាញពីមូលហេតុ ថាខ្លួនជំពាក់បំណុលគេទើបមិនចង់ទាក់ទងមកគ្រួសារឱ្យបានដឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ករណីនៃការបាត់ខ្លួននេះផងដែរ បានបង្កការភ្ញាក់ផ្អើលដល់អ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន បន្ទាប់ពីម្ដាយរបស់នាងមានឈ្មោះថា គីដាថង អាយុ៥៥ ឆ្នាំដែលរស់នៅក្នុងខេត្ត Buri Ram គាត់បានប្រកាសស្វែងរក កូនស្រីដែលមានឈ្មោះថា សាវីតរី ដាថង អាយុ២៣ នាងបានបាត់ខ្លួនមិនឃើញទំនាក់ទំនងមកអ្នកផ្ទះ បន្ទាប់ពីនាងបានចេញទៅធ្វើការឆ្ងាយពីផ្ទះ ចោលកូនអាយុទើបតែ៤ឆ្នាំឱ្យទន្ទឹងរង់ចាំនាងរាល់ថ្ងៃ។ សាវីតរី ដាថង សុខៗនាងស្រាប់តែលែងទាក់ទងខលមកជួបកូនដូចសព្វដង ​ហើយទាក់ទងទៅវិញក៏មិនបាន ទន្ទឹមនឹងនោះការបាត់ដំណឹងរបស់នាងក៏បានធ្វើឱ្យគ្រួសារ ប្រកាសស្វែងរកគ្រប់វិធី តែមិនទទួលបានដំណឹងទាល់តែសោះ រហូតអស់សង្ឃឹម និងគិតថានាងស្លាប់ ឬក៏អាចចាញ់បោកគេទៅធ្វើការឆ្ងាយពីប្រទេស អស់រយៈពេលមួយឆ្នាំមកហើយ ស្រាប់តែនៅក្នុងថ្ងៃ ទី២៣ ខែមេសា ឆ្នាំ ២០២២ នេះ មានដំណឹងថានាងបានទាក់ទងមកបងស្រីបង្កើតខ្លួន ហើយនាងក៏ប្រាប់ពីមូលហេតុដែលធ្វើឱ្យនាងផ្ដាច់ទំនាក់ទំនងមិនទាក់ទងមកម្ដាយ និងកូនតូច ព្រោះដោយសារមានបញ្ហាផ្ទាល់ខ្លួន ជំពាក់បំណុលគេ ហើយមិនចង់ឲ្យគ្រួសារដឹង ដូច្នេះហើយបានជាសម្រេចចិត្តមិនទាក់ទងនរណាម្នាក់ឡើយ ពេលនេះនាងក៏នៅតែលាក់បាំងរឿងនេះជាមួយម្តាយនៅឡើតទេ។

ទោះជាយ៉ាងណាមហាជនពិតជារីករាយជាមួយនឹងការផ្ដល់ដំណឹងមកកាន់សាច់ញាតិវិញ ព្រមទាំងលើកទឹកចិត្តនាងកុំឱ្យបោះបង់គ្រួសារ ព្រោះតែរឿងបែបនេះ គួរតែយកវាមកដោះស្រាយ និង ផ្ដល់ដំណឹងដល់អ្នកផ្ទះ កុំឱ្យពួកគាត់បារម្ភដោយសាតែយើង៕ ប្រភព៖ Kapook