រដ្ឋធានីគៀវ៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៦១ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី២៥ ខែមេសា ក៏មានសេចក្ដីរាយការណ៍ អំពីករណីបង្ខំឈ្លើយសឹក ឲ្យបរិច្ចាគឈាម ដែលជាសកម្មភាពរំលោភបំពានដោយផ្ទាល់ទៅនឹងគោលការណ៍ នៃអនុសញ្ញាក្រុងហ្ស៊ឺណែវ ទើបអ៊ុយក្រែន ព្រមានដល់រុស្ស៊ី។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមសា ឆ្នាំ២០២២ ថា បច្ចុប្បន្ន អ៊ុយក្រែន បានអះអាងថា រុស្ស៊ី កំពុងតែជំរុញឲ្យឈ្លើយសឹក ដែលចាប់បាន នៅក្នុងអំឡុងសង្គ្រាមនេះ បរិច្ចាគឈាម។

អ៊ុយក្រែន បានចោទប្រកាន់ថា «សភា Duma របស់រុស្ស៊ី ស្នើឱ្យបង្ខំឲ្យយោធាអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួនបាន ជាឈ្លើយសឹក ត្រូវតែបរិច្ចាគឈាម សម្រាប់កងទ័ពឈ្លានពាន រងរបួស។ ការពិតនេះ ក្លាយជាសក្ខីកម្មស្រដៀងគ្នា ទៅនឹងអំពើឃោរឃៅ នៃពួកណាស៊ី នៅក្នុងជំរំប្រមូលផ្តុំគ្នា នាអំឡុងសង្គ្រាមលោកលើកទី២ ស្របគ្នារវាងច្បាប់របស់ហ៊ីត្លែរ និង ពូទីន។ សកម្មភាពបែបនេះ ក៏ជាការបំពានបំពាន ដោយផ្ទាល់ទៅនឹងគោលការណ៍ នៃអនុសញ្ញាក្រុងហ្ស៊ឺណែវ។

ទោះជាយ៉ាងណា គេនៅមិនទាន់មានការអះអាង ពីភាគីរុស្ស៊ី នៅឡើយ។ ដោយឡែក សកម្មភាពវាយលុកឈ្លានពានរបស់វិមានក្រឹមឡាំង កំពុងតែបន្ដ កាន់តែមានសភាពខ្លាំងក្លាឡើង នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ដោយឡែក អ៊ុយក្រែន បានអះអាងថា រុស្ស៊ីកំពុងតែបង្កើនកម្លាំង កាន់តែច្រើនឡើងបន្ថែមទៀត ខណៈបណ្ដាប្រទេសមហាអំណាចបស្ចិមលោក កំពុងតែបង្កើនការបញ្ជូនជំនួយគ្រឿងយុទ្ធោបករណ៍កាន់តែច្រើន ហើយជំរុញឲ្យក្រុងគៀវ ប្រុងប្រយ័ត្ន និង រារាំងដល់សកម្មភាព នៅក្នុងតំបន់ដែលជាគោលដៅឈ្លានពានរបស់រុស្ស៊ី ឲ្យកាន់តែខ្លាំងក្លាឡើង ដើម្បីយកជ័យជម្នះ នៅក្នុងដំណាក់កាលសង្គ្រាមថ្មីនេះ៕