រដ្ឋធានីគៀវ៖ ថ្វីបើប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអួតអាង អំពីជ័យជម្នះជាច្រើនដំបូងរបស់គាត់ នៅក្នុងសង្គ្រាម អូសបន្លាយ អស់រយៈពេល៦១ថ្ងៃកន្លងមកនេះ ហើយដាក់ឱសានវាទ ជាច្រើនលើក ដល់កម្លាំងការពារ នៅទីក្រុងម៉ារីយូប៉ូល ចុះចាញ់ ដើម្បីរក្សាជីវិតយ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ មេបញ្ជាការ ប្រចាំនៅទីក្រុងកំពង់ផែយុទ្ធសាស្រ្ដរបស់អ៊ុយក្រែន បានអះអាងថា កម្លាំងរបស់ខ្លួន នៅតែគ្រប់គ្រងបាន នៅរោងចក្រដែកថែប ហើយបន្ដប្រយុទ្ធ ប្រឆាំងនឹងកម្លាំងយោធារុស្ស៊ី រហូតដល់តំណក់ឈាមចុងក្រោយ។

សារព័ត៌មាន World News Era បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ថា មេបញ្ជាការអង្គភាពអ៊ុយក្រែន ការពាររោងចក្រដែកថែប បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ថា បើទោះជា រុស្ស៊ីកំពុងតែបង្កើនការវាយប្រហារ តាមផ្លូវអាកាស និង កាំភ្លើងធំយ៉ាងណាក្ដី តែរហូតមកដល់ពេលនេះ កងកម្លាំងអ៊ុយក្រែន នៅតែគ្រប់គ្រងទាំងស្រុង នៅរោងចក្រដែកអាហ្សូវស្ដាល់ (Azovstal) នៅទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ដែលរងការវាយប្រហារ ដោយសង្រ្គាម ហើយបានវាយលុកជាបន្តបន្ទាប់ ដោយកម្លាំងថ្មើរជើងរុស្ស៊ី។

លោក ស្វីយ៉ាតូស្លាវ ប៉ាឡាម៉ា (Svyatoslav Palamar) មេបញ្ជាការរងកងវរសេនាតូច Azov បានបញ្ជាក់ថា យុទ្ធជនរបស់គាត់ បានចូលមកកាន់កាប់រោងចក្រនេះ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២មក។ ប៉ុន្ដែកម្លាំងការពារអ៊ុយក្រែន នៅទីនេះ នឹងមានគោលចាកចេញពីរោងចក្រនេះ ហើយការជម្លៀសចេញពីរោងចក្រ ប្រសិនបើមនការធានា អំពីសុវត្ថិភាពដល់ការចាកចេញរបស់ពួកគេ និង ជនស៊ីវិលរាប់ពាន់នាក់ នៅទីនេះ។

មេបញ្ជាការរងកងវរសេនាតូចអាហ្សូវ បានបន្ថែមថា «ពួកយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចាកចេញពីទីក្រុង ពីព្រោះមិនមានអ្វីនៅសេសសល់ សម្រាប់ការពារបន្ដទៀតនោះដែរ។ យើងចាត់ទុកថា យើងបានបំពេញបេសកកម្មរបស់យើង ត្រឹមត្រូវហើយ។ ប៉ុន្តែយើងនឹងបន្តការពារ រហូតដល់មានបញ្ជា ចេញពីមេដឹកនាំយោធារបស់យើង បង្គាប់ឲ្យចាកចេញ។ បើយើងចេញទៅ យើងនឹងចាកចេញ ដោយអាវុធរបស់យើង»។

ថ្វីបើកាលពីប៉ុន្មានថ្ងៃមុននេះ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចេញបញ្ជាឱ្យបញ្ឈប់ការវាយលុក ចូលទៅក្នុងរោងចក្រ Azovstal និង រារាំងកម្លាំងអ៊ុយក្រែន មិនឲ្យចាកចេញជំនួសវិញក៏ដោយ ប៉ុន្ដែការប្រយុទ្ធនៅតែបន្ត ដោយទាញយកធនធានដ៏សំខាន់ៗ ពីកងកម្លាំងរុស្ស៊ី ខណៈការត្រៀមរៀបចំ កំពុងតែដំណើរការ សម្រាប់ការវាយលុកយ៉ាងខ្លាំង នៅភាគខាងកើត អ៊ុយក្រែន។

លោកមេបញ្ជាការរងកងវរសេនាតូចអាហ្សូវ បានបន្ដថា «បើទោះជាថ្ងៃនេះ ជាថ្ងៃឈប់សម្រាកដ៏សំខាន់របស់គ្រឹស្តបរិស័ទក៏ដោយ តែរុស្ស៊ីបានទម្លាក់គ្រាប់បែក មកលើរោងចក្រពេញមួយយប់ ដោយវាយប្រហារតាមផ្លូវគោកដី និង អាកាស៕