រដ្ឋធានីគៀវ៖ សង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងការប៉ុនប៉ង ផ្ដួលរំលំរដ្ឋាភិបាលក្រុងគៀវ បានអូសបន្លាយ អស់រយៈពេល៦១ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ហើយកងទ័ពការពារទឹកដីអ៊ុយក្រេន និង កម្លាំងឈ្លានពានរុស្ស៊ី កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ប៉ុន្ដែអ្វីដែលពិភពលោក កំពុងតែចាប់អារម្មណ៍ខ្លាំង គឺចង់ដឹងអំពីអាថ៌កំបាំង នៃអាវុធ ដែលកងទ័ពអ៊ុយក្រែន ប្រើប្រាស់ វាយប្រហារទៅលើរថចម្បាំងរបស់រុស្ស៊ី បណ្ដាលឲ្យឆេះយ៉ាងច្រើនបំផុត នៅក្នុងសង្គ្រាមនេះ។

បើតាមគេហទំព័រ The Update Post បានផ្សាយថា ចាប់តាំងពីការផ្ទុះសង្គ្រាម ឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនបាយរ៉ាក់តារ TB2 (Bayraktar TB2) សម្រាប់ប្រឆាំងនឹងយានចម្បាំងរុស្ស៊ី រួមមាន រថក្រោះ រថពាសដែក និង រថយន្ដយោធា…ជាដើម។

មន្រ្ដីយោធាអ៊ុយក្រែន បានបញ្ជាក់ថា ដ្រូន Bayraktar បានកម្ទេចរថក្រោះមួយ ឬ២ ដោយប្រព័ន្ធមីស៊ីល បាញ់ពីលើអាកាស នៅពេលយប់។ បើតាមវីដេអូឃ្លីបជាច្រើន ត្រូវបានចែករំលែក នៅតាមបណ្ដាញសង្គម ដ្រូន Bayraktar ត្រូវបានកងទ័ពប្រើប្រាស់ យ៉ាងហោចណាស់ ចាប់តាំងពីឆ្នាំ២០២១មកម៉្លេះ។ ប៉ុន្ដែអ្វីដែលពិភពលោក ចាប់អារម្មណ៍បំផុតនោះ គឺការមើលឃើញ អំពីការបំផ្ទុះយ៉ាងមានប្រសិទ្ធភាព ទៅលើក្បូនគ្រឿងយុទ្ធោបរកណ៍របស់រុស្ស៊ី យ ចូលលុកលុយឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមការផ្សព្វផ្សាយសម្ភារ ពីក្រុមហ៊ុនបាយការ តិចណូឡូជី (Baykar Technologies) ដែលជាក្រុមហ៊ុនផលិតដ្រូនរបស់តួកគី បានឱ្យដឹងថា ដ្រូននីមួយៗ អាចផ្ទុកមីស៊ីល នាំផ្លូវដោយឡាស៊ែរ ចំនួនបួន។ ដ្រូនទាំងនេះ មានទំហំតូច និង មានទម្ងន់ស្រាល ជាងដ្រូន Reaper របស់កងទ័ពសហរដ្ឋអាមេរិក ប្រហែល៧ដង ហើយវាមានស្លាប ប្រវែង១២ម៉ែត្រ ដែលអនុញ្ញាតឱ្យវា ហោះហើរ នៅលើមេឃ បានរហូតដល់៣០ម៉ោង ក្នុងរយៈពេលហោះហើរម្ដងៗ។

ក្រុមអ្នកវិភាគកងទ័ពរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប បានអះអាងថា យុទ្ធនាការដ្រូនរបស់អ៊ុយក្រែន បានចូលរួមចំណែកដល់ជោគជ័យលើកដំបូងរបស់ខ្លួន នៅក្នុងការពន្យឺតនូវការវាយរុលចូលទៅមុខរបស់កម្លាំងយោធារុស្ស៊ី និង កំពុងតែបង្ហាញ ពីភាពទន់ខ្សោយ មិននឹកស្មានដល់នៅក្នុងជួរកម្លាំងយោធារបស់រុស្ស៊ី។

អ្នកវិភាគ បន្ថែមថា ឃ្លីបវីដេអូទាំងនេះ ក៏កំពុងតែក្លាយជាផ្នែកមួយដ៏លេចធ្លោ នៅក្នុងសង្គ្រាមព័ត៌មានរបស់អ៊ុយក្រែន ផ្តល់ឱ្យអ្នកឈ្លានពានរុស្ស៊ី អំពីហេតុផលថ្មីមួយផ្សេងទៀត ជុំវិញការខ្លាចសត្រូវរបស់ខ្លួន និង ផ្តល់នូវការជំរុញដ៏សំខាន់ សម្រាប់សីលធម៌របស់អ៊ុយក្រែន ចំពេលមានការភ័យខ្លាច អំពីការវាយលុករបស់យោធា នាពេលខាងមុខ។ បើទោះជាបែបនេះក្តី យន្តហោះគ្មានមនុស្សបើក ឬដ្រូនទាំងនេះ ទំនងជាមិនអាចផ្លាស់ប្តូរដំណើរការ រយៈពេលវែង នៃសង្គ្រាមនេះបានឡើយ។

នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដ្រូន Bayraktar របស់តួកគី មិនត្រឹមតែបង្ហាញវត្ដមាន នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្ដែដ្រូនប្រភេទនេះ ក៏បានបង្ហាញខ្លួន នៅក្នុងប្រទេសជាច្រើន រួមមាន អេត្យូពី អាហ្សែបៃហ្សង់ (Azerbaijan) លីប៊ី និង ស៊ីរី ផងដែរ។

ដ្រូន Bayraktar ផលិតឡើង ដោយក្រុមហ៊ុនឯកជន ឈ្មោះ Baykar Technologies ហើយដ្រូនប្រភេទនេះ ត្រូវបានគេមើលឃើញថា ក្លាយជាអាវុធគោលនយោបាយការបរទេសរបស់តួកគី។ ចំណែកលោក Selcuk Bayraktar ជាប្រធានមន្រ្ដីបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតដ្រូននេះ ក៏ជាកូនប្រសាប្រុសរបស់លោក រ៉ែសេប តាយយីប អែដូហ្គែន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី ថែមទៀតផង។

ថ្វីបើប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក ចិន និង អ៊ីស្រាអែល ធ្លាប់បដិសេធនូវការលក់ដ្រូន បំពាក់គ្រឿងសព្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន យ៉ាងក្ដី តែតួកគី នៅតែក្លាយជាប្រទេសតែមួយគត់ លក់បច្ចេកវិទ្យាបែបនេះ ទៅឲ្យប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតបណ្ដាប្រទេសបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បណ្ដាសម្ពន្ធមិត្ត ជាច្រើនទៀត បានបញ្ចូនគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ មានតម្លៃរាប់ពាន់លានដុល្លារ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ ក៏បានបញ្ជូនដ្រូនជាច្រើនប្រភេទ រួមមាន Ghost Drone និង Switchblade drone ដែលមានចំនួនរាប់រយគ្រឿង សម្រាប់ជួយអ៊ុយក្រែន វាយប្រហារទប់ទល់នឹងកងទ័ពរុស្ស៊ី។ សកម្មភាពបញ្ចូនគ្រឿងចម្បាំងទៅជួយដល់ក្រុងគៀវរបស់លោកខាងលិច នោះ នឹងធ្វើឲ្យរុស្ស៊ី ពិបាកនឹងយកជ័យជម្នះ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ខ្លាំងណាស់៕