មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងការ៉ាសធ្វើឡានមួយកន្លែង ដោយពួកជាងធ្វើឡានបានប្រទះនូវសត្វពស់ថ្លាន់ដ៏ធំមួយក្បាលនៅក្នុងរថយន្តរបស់ភ្ញៀវដែលទើបយកមកធ្វើ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងការជួបប្រទះជាមួយនឹងពស់ថ្លាន់ដ៏ធំមួយក្បាលនេះស្ថិតនៅក្នុងប្រទេស​ម៉ាឡេស៊ី បន្ទាប់ពីមាននារីម្នាក់បានជិះឡាននៅតាមផ្លូវក៏ស្រាប់តែមានអារម្មណ៍ថាម៉ាស៊ីនឡានរបស់ខ្លួនមិនសូវស្រួល នាងក៏បានសម្រេចចិត្តយកមកដាក់កន្លែងជួសជុលឡានមួយកន្លែង ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះគឺនៅពេលដែលជាងបើកមើលកន្លែងម៉ាស៊ីនឡានក៏ស្រាប់តែបានឃើញនូវពស់ថ្លាន់ដ៏ធំមួយក្បាលសំងំនៅក្នុងនោះ ឃើញដូចនេះពួកជាងឡានទាំងអស់នោះមានការភ្ញាក់ផ្អើលជាខ្លាំង ក៏បាននាំគ្នាចាប់វាចេញ ដោយចំណាយពេលអស់រយៈពេល១ម៉ោងទើបចាប់បាន ក្នុងនោះគេក៏មិនបានបញ្ជាក់ថាវាជាពស់ញី ឬក៏ឈ្មោល ហើយក៏មិនបានបញ្ជាក់ពីទម្ងន់របស់វាផងដែរ។

យ៉ាងណាមិញគ្រប់គ្នាមិននឹកស្មានថាសត្វពស់មួយក្បាលនេះមករស់នៅក្នុងម៉ាស៊ីនឡានដោយរបៀបណា និងមកនៅក្នុងនេះតាំងពីពេលណានោះដែរ ទន្ទឹមនឹងនេះពួកជាងឡានទាំងអស់នោះក៏នឹងត្រៀមយកសត្វពស់ថ្លាន់មួយក្បាលនេះប្រគល់ជូនដល់អាជ្ញាធរអភិរក្សសត្វព្រៃក្នុងតំបន់ដើម្បីចាត់ការបន្ត៕ ប្រភព៖ Kapook