ប្រទេសវៀតណាម៖ ពិធីមង្គលការដ៏រីករាយមួយ បានក្លាយជារឿងដ៏គួរឱ្យហួសចិត្តពីសំណាក់មហាជនគ្រប់គ្នាដោយសារតែបុរសជាមិត្តភ័ក្តិស្និទ្ធស្នាលរបស់កូនកំលោះបែកគំនិតលួចលុយចងដៃអស់រាប់ពាន់ដុល្លារ បង្កជាការភ្ញាក់ផ្អើលពេញទាំងរោងការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យហួសចិត្តនេះ ផងដែរបានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយ គូស្នេហ៍មួយគូបានសម្រេចចិត្តប្រារព្ធពិធីរៀបការយ៉ាងអធឹកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្តជាច្រើនកុះករ ដើម្បីមកអបអរ និងជូនពរក្នុងថ្ងៃសិរីមង្គលមួយនេះ។ ខណៈពេលដែលពិធីរៀបការកំពុងតែប្រព្រិត្តិទៅយ៉ាងរលូននោះ  ក៏ស្រាប់តែមានរឿងឆោឡោបានកើតឡើងមកដោយមិត្តភ័ក្តិប្រុសខាងកូនកំលោះត្រូវបានសាច់ញាតិកូនកំលោះ និងកូនក្រមុំ ធ្វើការចោទប្រកាន់ថាគេបានលួចស្រោមសំបុត្រដែលជាលុយរបស់ភ្ងៀវចងដៃអស់ជាច្រើន ខណៈម្ចាស់ដើមការមានភាពមមាញឹកខ្លាំង ដំបូងឡើយបុរសដែលជាជនសង្ស័យនោះលួចត្រឹមតែស្រោមសំបុត្រមានទឹកប្រាក់សរុប៣រយដុល្លារជាងតែប៉ុនណ្ណោះ ប៉ុន្តែដោយសារតែភាពលោភលន់គេក៏បានលួចបន្ថែមទៀតរហូតធ្វើឱ្យម្ចាស់ផ្ទះមានការសង្ស័យ ហើយក៏ឈានទៅដល់ការចាប់ខ្លួនបុរសនោះនិងបានឆែកឆេខ្លួនរបស់គេ ទន្ទឹមនឹងនោះជនជាប់ចោទបានប្រកែកបដិសេធភ្លាមៗថារូបគេមិនបានលួចនោះទេ ប៉ុន្តែក្នុងកំឡុងធ្វើការឆែកឆេខ្លួនរបស់គេ ស្រាប់តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងពិតជាហួសចិត្តនោះគឺគេបានរកឃើញស្រោមសំបុត្រចងដៃជាច្រើននៅក្នុងខោក្នុងរបស់គេ ដែលសរុបចំនួនទឹកប្រាក់ ១ ពាន់ដុល្លារជាងពិតប្រាកដមែន។

ទាក់ទងនិងករណីនេះក៏បានធ្វើឱ្យកូនកំលោកបាក់មុខជាខ្លាំង ព្រោះតែគិតថាមិត្តភ័ក្តិល្អ និងមិននឹកស្មានថាមិត្តម្នាក់នោះហ៊ានធ្វើរឿងមិនគប្បីចំពោះខ្លួនក្នុងថ្ងៃពិសេសមួយនេះនោះទេ។

ដោយឡែកជនល្មើសក៏ត្រូវបានគ្រួសារខាងកូនកំលោះ និងកូនក្រមុំបញ្ជូនទៅឱ្យសមត្ថកិច្ច ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕ ប្រភព៖ Kapook