“បាក់ទឹកដោះ” ជាឈ្មោះចំណងជើងសៀវភៅបែបជីវប្រវត្តិពិតបូកការលើកទឹកចិត្ត ជាស្នាដៃសៀវភៅជាលើកដំបូងរបស់អ្នកនិពន្ធ សយ ស៊ីណា។ គួរឱ្យចាប់អារម្មណ៍ សៀវភៅនេះ ទើបតែចេញផ្សាយថ្មោងថ្មីនេះប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្ដាកវីនិពន្ធនិងមិត្តអ្នកអាន ដោយបុគ្គលសកម្មក្នុងវិស័យអំណានមួយចំនួនបានបង្ហាញពីការកោតសរសើរ និងបញ្ចេញអារម្មណ៍វិជ្ជមាននៅក្នុងបណ្ដាញទំនាក់ទំនាក់សង្គមយ៉ាងផុសផុរ ក្រោយពីបានអានស្នាដៃមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02sMrtHZfwr2Pw1Sl7KhgXHbwhM4z1Q-6WfcDprwBBVVNPMr_qS4xAqWa2mKFWlDYK0awDmPTvHrSt_hoJ0Ms03PUpvx0yJBDgX4vQMZxa0-ripIlN8-LOTTNJQ4irkZoKC9P4X_MyfsMcci7FEpuPO0L-3690kU9BzbMNtNhY6EsT_Jk-DE91lvg/s6240/IMG_5545.JPG

ជួបជាមួយ KBN News កាលពីពេលថ្មីនេះៗ ម្ចាស់ស្នាដៃរូបនេះបានឱ្យដឹងថា “បាក់ទឹកដោះ” ជាស្នាដៃសៀវភៅមួយក្បាលដែលបង្ហាញពីការព្រមទទួលស្គាល់ការពិតនៃដំណើរតថភាពជីវិតមនុស្ស រួមនឹងការព្យាបាលនិងផ្សះផ្សាផ្លូវចិត្តទាំងបច្ចុប្បន្ននិងអតីត ឬអាចនិយាយបានថាទាំងវិបត្តិផ្លូវចិត្តនាពេលបច្ចុប្បន្ននិងតជំនាន់ពីអតីតកាល ដែលស្ដែងឡើងតាមរយៈជីវប្រវត្តិពិតរបស់រូបលោកផ្ទាល់ ក្នុងនាមជាមនុស្សម្នាក់ដែលមានប្រវត្តិតស៊ូទាំងជាមួយជំងឺប្រចាំកាយ ភាពក្រីក្រ ការបាត់បង់សាច់ញាតិជាបន្តបន្ទាប់រៀងរាល់ ៧ឆ្នាំម្ដង រួមទាំងវិបត្តិផ្លូវចិត្តដែលលោកទទួលបានទាំងពេលបច្ចុប្បន្ននិងតជំនាន់ពីឪពុកម្ដាយដែលឆ្លងកាត់ប្រវត្តិតស៊ូក្នុងភ្លើងសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTstTFo3AhZ7XJ_Lo3uzPx3uzi80jFuuKwtneVuJ468LUDfp_mrykwGEu2srM8ImxOC7ti4wMthyGP7pIgDBuQuCF9woUn9ZlRxCnZJWyUFeZZrm6acuPoLV10FoxyxVAGBwIJe_Z6Pz6Fp4bWtcLSqHX_3yuYtlBM7OBRnck-c0z5Gvkvq-WKCW82/s3810/Book_Mockup_1189.png

ឆ្លើយតបនឹងសំណួរដែលថា “តើស្នាដៃមួយនេះ ទទួលបានភាពជោគជ័យកម្រិតណា?” អ្នកនិពន្ធវ័យ ៣០ឆ្នាំ មានទីកន្លែងកំណើតក្នុងស្រុកជុំគិរី ខេត្តកំពត រូបនេះ បានបន្ដថា៖ “ចំពោះខ្ញុំ ស្នាដៃមួយដែលទទួលជោគជ័យ មិនមែនសំដៅលើចំនួនសៀវភៅដែលលក់ដាច់ និងប្រាក់ចំណូលដែលរកបាននោះទេ តែគឺអ្វីដែលអ្នកអានអាចធ្វើដំណើរជាមួយអ្នកនិពន្ធ ឬធ្វើដំណើរជាមួយអត្ថបទអក្សរសិល្ប៍របស់យើង ហើយសិក្សាឈ្វេងយល់និងរៀនសូត្រទាំងអស់គ្នា ថាតើមានរបៀបអ្វី គន្លឹះអ្វី ឬវិធីសាស្រ្តអ្វីដែលយើងអាចរៀនសូត្រពីគ្នាបាន បន្តឆ្ពោះទៅកាន់ការកែខៃ លះចោល និងទទួលយកញ៉ាំងជីវិតឱ្យបានប្រសើរជាងមុន ទាំងផ្លូវកាយនិងផ្លូវចិត្ត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8Jgni_W2mHAJ4Uzxo9R0QhvYBEOaCFHZjUx5QMAiXSJnpoBp9n7LSWezkxqfh5s9VSt_uVXNuUY-u1grsqNO-YBAaWfa2nSUXs5q6xU2nnhkB7u0uOpwn8VaS85dKknnxHSBXz7vuAFue4zVep424TIDYQcNFoJ67ELeumNrr1kbS0G1awNGw417/s3000/book_01.jpg

គួរបញ្ជាក់ថា ក្រៅពីស្នាដៃជាសៀវភៅខាងលើលោក សយ ស៊ីណា ក៏ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកកំណាព្យ ចំណងជើង “ក្រដាស” ពីសមាគមប៊ិកកម្ពុជា ក្នុងឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៧ លោក ទទួលពានរង្វាន់អ្នកនិពន្ធឆ្នើមពី “ប្រលោមលោក សប្បាយ” ផ្នែកប្រលោមលោកខ្នាតខ្លី ក្រោមចំណងជើង “ខ្មោចទាររបស់”។ ក្នុងឆ្នាំ២០១៨ លោក ទទួលជ័យលាភីលេខ២ ផ្នែករឿងខ្លី ក្រោមចំណងជើង “រឿងនិទានអំពីម៉ែ” លើប្រធានបទ “ការចងចាំអំពីអ្នកម្ដាយ។ បន្ថែមពីនេះ លោកបាននិពន្ធកំណាព្យ រឿងខ្លី ប្រលោមលោកខ្នាតខ្លីបានមួយចំនួន រួមនិងបានចូលរួមនិពន្ធភាពយន្តខ្នាតធំ ភាពយន្តភាគ ភាពយន្តខ្នាតខ្លី និងល្ខោនវិទ្យុបានមួយចំនួនតូចផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4DK3N38EtxS8nJVKRq5EcaYDQ30VZdKCSI02iXX-s2hv-jqSyEBaMm2d2PWH2U7B34lMisuxjOFqzihIn_TLK-AgQm6O8VdqIuTa1iJwC2qJgxjElf5NXQel_Iz5zo5qKteTZnt6ZDtK__SJx3ZlPWWDbYNAffOj9wlxsjKdeRhEW1sTgkirRqCo/s6240/IMG_20220327_223802_273.JPG