ប្រទេសថៃ៖ ​កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នារីម្នាក់មានផ្ទៃពោះគ្រប់ខែត្រូវសម្រាលកូន ឈឺ​ពោះខ្លាំងពេកក៏បើកឡានទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង តែមិនទាន់ដល់មន្ទីរពេទ្យផង ទ្រាំមិនបានក៏សម្រេចចិត្តចតឡាននៅចំហៀងផ្លូវ ហើយបង្កើតកូនដោយខ្លួនឯងដោយសុវត្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Chon Buri នៃប្រទេសថៃ ដោយគេបានឱ្យដឹងថា នារីដែលបានបង្កើតកូនដោយខ្លួនឯងនោះមានឈ្មោះថា រតនា អាយុ ៤១ ឆ្នាំ ដោយមុនពេលមានហេតុការណ៍នេះកើតឡើង នាងឈឺពោះជាខ្លាំងនៅផ្ទះ ទើបនាងសម្រេចចិត្តបើករថយន្តផ្ទាល់ខ្លួនមកសម្រាលកូននៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែឈឺពោះខ្លាំងពេក ទ្រាំមិនបានក៏ចតឡាននៅចំហៀងផ្លូវ និងបានបង្កើតកូនខ្លួនឯងនៅវេលា ម៉ោង៨ និង០០នាទីយប់ដោយសុវត្តិភាព។ ទន្ទឹមនឹងនោះក៏មានអ្នកធ្វើដំណើរទៅមកបានឃើញ ព្រមទាំងហៅក្រុមគ្រូពេទ្យមកទីតាំងកើតហេតុ ហើយក៏ធ្វើការកាត់ទងផ្ចិតឱ្យទារកនោះ ដែលជាកូនស្រី មានសុខភាពល្អ និងបានថ្លឹងឃើញថាមានទម្ងន់២.៨គីឡូក្រាម ដោយទារកនេះជាកូនទីបីរបស់នាង។

គួរបញ្ជាក់ផងដែរថា​មូលហេតុដែលនាងព្យាយាមបើកឡានមកមន្ទីរពេទ្យម្នាក់ឯងទាំងកណ្ដាលយប់បែបនេះព្រោះគ្មានអ្នកណានៅផ្ទះ ហើយស្វាមីរបស់នាងជាប់ធ្វើការឆ្ងាយទើបមកមិនទាន់ តែទោះជាយ៉ាងណាអ្នកម្ដាយរូបនេះក៏អាចផ្ដល់កំណើតឱ្យកូនស្រីដោយសុវត្តិភាពទាំងម្តាយ និងកូននៅលើឡានតែម្នាក់ឯងបានដែរ៕ ប្រភព៖ Thairath