លោកអ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយទាក់ទងទៅនឹងជំនឿនៃ ” ភ្នែកទីបី “ ព្រមទាំងការនិយាយដំណាលតៗគ្នាចាប់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ន ហើយជំនឿទាំងអស់នេះក៏ត្រូវបានអ្នកប្រវត្ថិសាស្រ្ដបុរាណចងក្រងនិងកត់ត្រាទុកសម្រាប់មនុស្សជាតិទាំងមូលផងដែរ ។
ហើយថ្ងៃនេះផងដែរ KBN នឹងលើកយករឿងរ៉ាវទាក់ទងជាមួយនឹងជំនឿ “ ភ្នែកទីបី “ មកធ្វើការបកស្រាយបង្ហាញជូនប្រិយមិត្តទាំងអស់ឲ្យបានដឹង និងជ្រាបកាន់តែច្បាស់ ថាតើ ជំនឿទាក់ទងទៅនឹង” ភ្នែកទីបី “ នេះជាការពិតដែរឬយ៉ាងណា ហើយថាតើមានដំណើររឿងហេតុយ៉ាងដូចម្ដេចខ្លះ ?

“ ភ្នែកទីបី “ (ឬត្រូវបានគេហៅថា ភ្នែកចិត្ត ឬភ្នែកខាងក្នុង) គឺជាអាថ៌កំបាំងនៃគំនិត និងភ្នែកដែលមិនអាចឃើញនិងប៉ាន់ស្មានបាន ជាធម្មតាវាត្រូវបានគេពិពណ៌នាថាមានទីតាំងនៅលើថ្ងាស ហើយប្រពៃណីខាងវិញ្ញាណរបស់ប្រទេសឥណ្ឌាឯណោះវិញ ភ្នែកទីបីត្រូវបានគេសំដៅទៅលើចក្រា។ ជាមួយគ្នានេះ ភ្នែកទីបី ក៏ត្រូវបានគេជឿថា ជាភ្នែកមួយទៀតរបស់មនុស្សនៅខាងក្នុងនៃផ្លូវវិញ្ញាណ ជាពិសេសជាញាណមួយដែលអាចមើលឃើញអំពី ហេតុភេទ ឬរឿងរ៉ាវណាមួយដែលមនុស្សចង់ដឹងពីបច្ចុប្បន្នជាតិ អតីតជាតិ និងអនាគតជាតិបានដោយខ្លួនឯង និងមើលចាក់ធ្លុះនូវមនោធាតុនៅក្នុងភពផែនដី រហូតដល់លំហធាតុនៃចក្រវាលទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiosrgYg4yxc-HHtFZsMCylfSz5NVWQ5XUDPhDxkb8DZzi4quC4BRiLD-a4iUsWw5xenjEBTRnJeY96o-X3PKMEwCCpeCCGv0eEOEEVpamcQpT-Llmphz-IKhvVrT64cdeszyvNEmsxeVXiIO3o9yOkr5mNjJImzCCJBvPV1Z1atd_AWdCjA-XLbuwi/s684/photo_2022-04-19_14-52-07.jpg

ភ្នែកទីបីត្រូវបានគេដឹងថា មានឥទ្ធិពលលើចក្រវាលទាំងមូលរបស់មនុស្ស ខុសប្លែកពីភ្នែកធម្មតាដែលអាចមើលឃើញត្រឹមតែសម្បករូបខាងក្រៅនៃធម្មជាតិ និងបរិស្ថានជុំវិញខ្លួនមនុស្សយើងតែប៉ុណ្ណោះ ហើយមិនអាចមើលឃើញទៅដល់មនោធាតុ និងធម្មជាតិពិតៗខាងក្នុងចក្រវាលបានឡើយ ។
កាលពីសម័យខ្មែរបុរាណ ភ្នែកទីបី ត្រូវបានគេនិយាយថា អាចមើលឃើញយ៉ាងពិតប្រាកដពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើង និងមិនទាន់កើតឡើងក្ដី ឲ្យបានដឹងមុន ព្រមទាំងធ្វើឲ្យបុព្វបុរសខ្មែរបានចងក្រងទុកជាទំនាយប្រស្នាសម្រាប់អប់រំកូនចៅឲ្យពិចារណា តាមគម្ពីរ និងតាមសិលាចារឹកប្រាសាទនានាផងដែរ ។
ជាមួយគ្នានេះ “ ភ្នែកទីបី “ ក៏ត្រូវបានគេពិពណ៌នាថាជាសមត្ថភាពរបស់មនុស្សក្នុងការទំនាក់ទំនងជាមួយនឹងវិចារណញ្ញាណពិសេស និងថែមទាំងអាចគ្រប់គ្រងលើផ្នែកស្មារតីក្នុងកំរិតខ្ពស់ថែមទៀតផង ។ នៅក្នុងសាសនាគ្រឹស្តិវិញ ផ្នត់គំនិតទាក់ទងនឹងភ្នែកទីបីនេះ ត្រូវបានគេជឿថាគឺជាអ្វីដែលទាក់ទងទៅនឹងព្រះវិញ្ញាណបរិសុទ្ធ ផ្នត់គំនិតនោះគឺថា នៅពេលដែលវិចារណញាណរបស់មនុស្សណាម្នាក់ចុះខ្សោយ ឬបរាជ័យ ព្រះវិញ្ញាណបរិសុទ្ធអាចជួយដឹកនាំបុគ្គលនោះ តាមរយៈការជួយទៅលើការសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ដោយឡែកចំពោះទស្សនវិទូដ៏ល្បីល្បាញគឺលោក Descartes វិញបានគិតថា ភ្នែកទីបី គឺជាក្រពេញ pineal (នៅក្នុងខួរក្បាលមនុស្ស) និងជាប្រភពនៃគំនិតទាំងអស់របស់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi95V4V7gEZrurnuasgSUMO-szKR18gvIkxfjqvlSpdegeD8rP-yHB3_ticSHGzE6QBcj6aiIWwf5j9etnUOmq8BgNwp-ZazVa74XNyPAN8lDGq6H9ZncnvwOfZ5l2uZ7AffJkUYqkBx4a4p419zAFU5mYh8ScGuTogb_n9m-rjD7GUfimoZEEN-4lg/s500/photo_2022-04-19_14-52-07%20(2).jpg

យ៉ាងណាមិញ យើងក៏ធ្លាប់បានឃើញផងដែរថា ភាគច្រើននៃចម្លាក់ព្រះបដិមា (សាសនាហិណ្ឌូ) តែងតែបង្ហាញពីកម្លាំងសក្តានុពលពិសេសក្នុងសារពាង្គកាយនៃមជ្ឈចិត្តសាស្ត្រ (Kundlini chakras) ជាមួយនឹងរូបព័ទ្ធជុំវិញដោយសត្វពស់ពីរក្បាល ឬដោយនិមិត្តសញ្ញាប្រពៃណី Caduceus ដែលវាត្រូវបានគេស្គាល់នៅក្នុងទេវកថាក្រិកអីចឹងដែរ ។
ទ្រឹស្តីពាក់ព័ន្ធនឹងភ្នែកទីបីនេះដែរ ក៏បានក្លាយទៅជាគម្រោងផ្សេងៗសម្រាប់អ្នកសមគំនិត និងអ្នកវិទ្យាសាស្ត្រមួយចំនួនក្នុងការផ្តោតទៅលើអាថ៌កំបាំង និងចងក្រងជាកម្មវិធីសិក្សាជាដើម ។ នៅក្នុងវប្បធម៌ទំនើប គេអាចឃើញរឿងរ៉ាវនៃភ្នែកទី៣ នៅក្នុងការរីកសាយនៃភាពយន្តហូលីវូដ ទាក់ទងនឹងមនុស្សប្រើខួរក្បាលតែ ១០ ឬ២០ ភាគរយប៉ុណ្ណោះ ឧទាហរណ៍ដូចជារឿង Limitless ឆ្នាំ២០១១ រឿង Lucy ឆ្នាំ២០១៤ និង Phenomenon ឆ្នាំ១៩៩៦ ជាដើម ដែលបង្ហាញថាវាពិតជាមានថាមពលដែលបានបង្ហាញនៅក្នុងចន្លោះនៃពិភពខាងក្រៅ ។ តែទាក់ទងនឹងការបកស្រាយពាក់ព័ន្ធនឹងប្រព័ន្ធសរសៃប្រសាទវិញ គំនិតនេះគឺមិនត្រឹមត្រូវទេ វាគ្រាន់ជាការបង្ហាញចំណាប់អារម្មណ៍មិនចេះរីងស្ងួតរបស់មនុស្សជាតិប៉ុណ្ណោះ ភ្នែកទីបី គ្រាន់តែជាគំនិតដែលថាមនុស្សអាចធ្វើចលនាក្នុងសារពាង្គកាយដោយការផ្តោតអារម្មណ៍ និងការធ្វើសមាធិតែប៉ុណ្ណោះ ៕