សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះមានវេបសាយមួយបង្ហាញពីបទពិសោធរបស់ស្ត្រីជនជាតិអាមេរិកម្នាក់ដែលបណ្ដោយឱ្យកូនតូចលេង iPad ជាញឹកញាប់ រហូតនាងត្រូវចំណាយលុយរាប់ម៉ឺនដុល្លារព្រោះតែកូនប្រុសចូលទៅក្នុងកម្មវិធី Tesla ព្រមទាំងបានកម្មង់ឡានមួយគ្រឿងដោយមិនដឹងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះបានកើតឡើងទៅលើស្ត្រីជនជាតិអាមេរិកដោយនាងតែងតែយក iPad ឱ្យកូនស្រីអាយុទើបតែ១០ខែលេងជាប្រចាំ ជាពិសេសនៅពេលដែលនាងរវល់ក្នុងផ្ទះ ដូចជាពេលធ្វើម្ហូបជាដើម ខណៈពេលនោះនាងមិនដឹងខ្លួននោះទេថាកូនប្រុសរបស់ខ្លួន បានចុចចូលទៅក្នុងកម្មវិធី Tesla ព្រមទាំងបានចុចប៉ះកញ្ចប់កម្មង់នូវរថយន្តមួយគ្រឿងដែលមានតម្លៃ ១០០០០ដុល្លារថែមទៀតផង។ ដំបូងឡើយនាងមិនបានដឹងខ្លួននោះទេ តែក្រោយមកនាងបានចូលទៅពិនិត្យមើលទឹកប្រាក់ក្នុងកុងធនាគារ ស្រាប់តែបានបាត់លុយអស់ជាច្រើន ពេលនោះនាងក៏បានព្យាយាមត្រួតពិនិត្យបន្ថែមទៀតទើបដឹងថាលុយទាំងអស់នោះគឺបានចំណាយលើការកម្មង់រថយន្តនោះឯង ក្នុងនោះអ្វីដែលគួរឱ្យសោកស្ដាយទៀតនោះគឺការកម្មង់ក៏ហួសពេលរហូតទៅដល់ពីរថ្ងៃទៅហើយ ដែលមិនអាចប្ដូរយកលុយមកវិញបាននោះទេ គឺមានតែរង់ចាំទទួលយកឡានពីក្រុមហ៊ុនតែប៉ុណ្ណោះ។

យ៉ាងណាមិញទាក់ទងនឹងបទពិសោធរបស់ស្ត្រីខាងលើ ក៏សូមឱ្យឪពុកម្ដាយគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំបណ្ដែតបណ្ដោយឱ្យកូនតូចៗលេងទូរស័ព្ទបែបនេះ ព្រោះថាវាអាចបង្កជាបញ្ហាជាច្រើនដែលយើងគ្រប់គ្នាមិនអាចនឹកស្មានដល់៕ ប្រភព៖ Kapook