កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងក្មេងស្រីអាយុ១១ខែ ក្នុងប្រទេសម៉ាឡេស៊ី ដោយម្ដាយរបស់កុមារីនេះបានបង្ហោះនូវរូបភាពកូនស្រីនាងដែលមានលក្ខណៈខុសពីកុមារដទៃព្រោះតែនាងតូចនោះដុះរោមពេញទាំងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ការបង្ហោះរូបថតទាក់ទងនឹងកុមារីដែលមានរោមពណ៌ទង់ដែងពេញមុខ បែបនេះគឺ ស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៃប្រទេសម៉ាឡេស៊ី ដោយម្ដាយរបស់កុមារីនោះបានអោបកូនស្រីដោយក្ដីស្រឡាញ់ បើទោះបីកូនមានរូបរាងប្លែងពីគេ និងមានដុះរោមដ៏វែងតាំងពីកំណើតនៅលើផ្ទៃមុខយ៉ាងណាក៏ដោយ។ ក្នុងនោះនាងក៏បានភ្ជាប់ជាមួយនឹងសារថា​” គ្រប់កូនទាំងអស់សម្រាប់ឪពុកម្ដាយ គឺជាបេះដូង បើទោះបីជាកូនមានលក្ខណៈចម្លែក ឬប្លែកពីអ្នកដទៃក៏ពិតមែន អ្នកខ្លះអាចសម្លឹងមើលមកកូននាងគួរឱ្យខ្លាច តែសម្រាប់នាង និងគ្រួសារ កូនស្រីម្នាក់នេះគឺជាអំណោយ ដែលព្រះបានប្រទានមកឱ្យនាង និងចង់ដកពិសោធទឹកចិត្តរបស់ឪពុកម្ដាយថាហ៊ានទទួលយកនូវអំណោយមួយនេះដោយក្ដីស្រឡាញ់ដ៏បរិសុទ្ធិទេ”។​

យ៉ាងណាមិញនាងក៏មិនបានប្រាប់ពីមូលហេតុដែលបណ្ដាលឱ្យកូនស្រីខ្លួនដុះរោមពេញមុខច្រើនបែបនេះដែរ ។ តែទោះជាយ៉ាងណាមហាជនបន្ទាប់ពីបានឃើញក្មេងស្រីខាងលើ និងក្ដីស្រឡាញ់របស់ម្ដាយដែលមានចំពោះកូនមិនប្រែប្រួល ពួកគេក៏បានជូនពរឱ្យនាងតូចនោះទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយ និងពីមនុស្សជុំវិញខ្លួនជារៀងរហូត ព្រមទាំងទទួលបាននូវសុខភាពល្អ និងមានភាពរឹងមាំទាំងផ្លូវកាយ និង ផ្លូវចិត្តផងដែរ៕ ប្រភព៖ Kapook