ភ្នំពេញ៖ មហាជនគ្រប់គ្នាមិនថាចាស់ ក្មេងច្បាស់ជាបានស្គាល់កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងគ្រប់ចង្វាក់ និងគ្រប់ទម្រង ជាពិសេសបទមនោសញ្ចេតនាសម្រាប់បំពេរអារម្មណ៍របស់មហាជនជាង២០ឆ្នាំមកហើយនោះគឺកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។

ថ្ងៃនេះ KBN សូមនាំអ្នកទាំងអស់គ្នាមកដឹងពីប្រវត្តិរបស់តារាចម្រៀងខាងលើថាតើលោកមានប្រវត្តិ យ៉ាងដូចម្ដេច និងខំតស៊ូជម្នះនូវឧបសគ្គអ្វីខ្លះក្នុងវិស័យសិល្បៈ៖

លោកព្រាប សុវត្ថិ ឬឈ្មោះហៅក្រៅថា ស្នាយ មានអាយុ ៤៧ឆ្នាំ ជាកូនទោលក្នុងគ្រួសារ មានឪពុកឈ្មោះ ព្រាប សុវុទ្ធ និងម្ដាយឈ្មោះ ផូ សំណាង។

ជីវិតដ៏កំសត់របស់លោកព្រាប សុវត្ថិ បានចាប់កំណើតនៅក្នុងរបបប្រល័យពូជសាសន៍ខណៈពេលដែលកងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភ្នំពេញគឺថ្ងៃទី ២៥  ខែឧសភា ឆ្នាំ១៩៧៥ នៅក្រោមដើមស្នាយ តាមផ្លូវធ្វើដំណើរទៅស្រុកសង្កែ ខេត្តបាត់ដំបង ដូច្នេះហើយទើបម្ដាយដាក់ឈ្មោះឱ្យលោកថា”ស្នាយ”។

ការចាប់កំណើតនៅក្នុងសម័យនោះវាពិតគួរឱ្យអាសូរខ្លាំងណាស់ ក៏ព្រោះតែពេលខ្លះម្ដាយរបស់លោកគ្មានទឹកដោះឱ្យបៅ ដោយសារការហូបមិនបានគ្រប់គ្រាន់ ហើយបានសុំទឹកដោះអ្នកដទៃឱ្យបៅថែមទៀតផង។ ក្នុងឆ្នាំ១៩៧៧ រឿងដ៏គួរឱ្យសង្វែក ឪពុករបស់លោកត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងឃោរឃៅ ក្រោយមកម្ដាយរបស់លោកត្រូវបានជន្លៀសមកនៅស្រុកកោះធំខេត្តកណ្ដាលវិញ ហើយម្ដាយរបស់លោកត្រូវបានគេបង្ខំឱ្យទៅធ្វើការចោលកូន ដោយទុកឱ្យលោកនៅក្នុងមណ្ឌលកុមារជាមួយក្មេងដទៃជាច្រើននាក់ទៀត។

ការគ្រប់គ្រងដោយពួកខ្មែរក្រហមមិនបានប៉ុន្មានឆ្នាំក៏ត្រូវបានដួលរលំ ក្រោយមកម្តាយលោកបានផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុងភ្នំពេញវិញក្នុងឆ្នាំ១៩៨២ ពេលនោះម្ដាយគាត់បានព្យាយាមបញ្ជូនកូនឱ្យចូលរៀនរហូតគាត់បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យឆ្នាំ១៩៩១។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកបានចូលធ្វើជាទាហាននៅអគ្គស្នងការនយោបាយក្នុងជំនាន់នោះ មិនតែប៉ុណ្ណោះ លោកត្រូវបានមិត្តភ័ក្កិ ណែនាំឱ្យចូលច្រៀងតាម រាំង្គសាល បៀរហ្គាឌិន និងនៅតាមភោជនីដ្ឋានផ្សេងៗ ព្រោះតែឃើញពីសមត្ថភាព និងទឹកដមសម្លែងដ៏ពិរោះក្រអួនក្រអៅពីកំណើត។

ចាប់តាំងពីពេលនោះមកលោកព្រាប សុវត្ថិក៏ទទួលបាននូវប្រជាប្រិយភាពចណ្ដើរៗពីមហាជនដែលធ្លាប់បានស្តាប់ទឹកដមសម្លេងរបស់លោក។ លុះដល់ឆ្នាំ១៩៩៥ លោកបានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ពេលនោះហើយដែលតារារូបនេះចាប់ផ្ដើមមានឈ្មោះបោះសម្លេងយ៉ាងល្បីរន្ទឺ និងបានឈានចូលក្នុងវិស័យសិល្បៈផ្នែកចម្រៀងយ៉ាងពេញលេញ។ ក្នុងនោះបទចម្រៀងដំបូងដែលលោកបានច្រៀង និងទទួលការគាំទ្រគឺបទ “អូនជាបេះដូងបង” និង បទ “ចាំអូនមួយជីវិត”  ។ បន្ទាប់ពីបានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាសនេះមក លោកបានចាប់ដៃគូច្រៀងជាមួយនឹងតារាចម្រៀងស្រីល្បីៗជាច្រើនដួងដូចជាលោកស្រី ហ៊ឹម ស៊ីវន អ្នកស្រី សួន ចន្ថា និង អ្នកនាងម៉េង កែវពេជ្ជតា ជាដើម។

ការចេញនូវបទចម្រៀងជាច្រើនបទ និងគ្រប់ចង្វាក់ មានទាំងចង្វាក់រាំវង់ ស្លូ ញាក់កន្ទ្រាក់អារម្មណ៍ និងមនោសញ្ចេតនា បានធ្វើឱ្យរូបលោកកាន់តែល្បីទៅៗ និងមានប្រជាប្រិយភាព បានក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជានាសម័យនោះ។ ក្នុងឆ្នាំ ២០០៣ លោកត្រូវបានគេអញ្ជើញឱ្យទៅចូលរួម ក្នុងព្រឹត្តិការណ៍ នៃការប្រគុំតន្ត្រី J-ASEAN POPs ដែលធ្វើឡើងនៅទីក្រុង Yokohama ប្រទេសជប៉ុន តំណាងឱ្យតារាចម្រៀងពេញនិយមរបស់កម្ពុជា ដែលបានរៀបចំឡើងដោយមូលនិធិជប៉ុន ក្នុងគោលបំណងស្វែងរកចំណុចរួមគ្នានៃវប្បធម៌ចម្រុះរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ាន។មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចូលរួមជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងជាច្រើន ដូចជា The Voice ដែលជាកម្មវិធីដ៏ល្បីមួយក្នុងប្រទេសកម្ពុជាផងដែរ។

ក្រោយពីជ្រកក្នុងផលិតកម្មរសស្មីហង្សមាស អស់រយៈពេល២០ឆ្នាំជាង ស្រាប់តែក្នុង ខែសីហា ឆ្នាំ២០២០ លោកបានចាកចេញពីផលិតកម្មនេះ ចូលផលិតកម្ម Galaxy Navatra  រួមជាមួយនឹងពាក្យចចាមអារាម ថាលោកចេញពីផលិតកម្មនេះ ព្រោះតែមិនមានបទចម្រៀងផ្ទុះដូចមុន ប៉ុន្តែពាក្យទាំងអស់នេះលោកបានចេញមុខបដិសេធភ្លាមៗ ព្រមទាំងបង្ហើបថា លោកនៅតែអាចច្រៀងឱ្យផលិតកម្មរស្មីហង្សបានបើសិនជាត្រូវការឱ្យទៅច្រៀងគឺនៅតែទទួលជានិច្ច។

នាពេលបច្ចុប្បន្ននេះ បើទោះបីតារាប្រុសរូបនេះមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែលោកនៅតែទទួលបាន  ប្រជាប្រិយភាព និងភាពល្បីល្បាញដដែល ហើយមិនទាន់មានតារាចម្រៀងជំនាន់ក្រោយរូបណាអាចជំនួសតំណែងលោកបានឡើយ។

ជីវិតស្នេហា

តារាចម្រៀងលោកព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងភ្នំពេញ ដោយអ្នកទាំងពីរបានសាងគ្រួសារនិងមានកូនចំនួន៣នាក់ ប្រុសទាំងអស់។ បើនិយាយពីរឿងគ្រួសារពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារមហាជនមិនបានដឹងសោះអំពីអាពាហ៍ពិពាហ៍របស់លោក ហើយស្រាប់តែមានកូនបាត់ទៅហើយ។ បើនិយាយពីសម្រស់របស់លោកវិញ គឺថាលោកនៅតែមានសម្រស់ក្មេងជាងវ័យ សង្ហារ ដោយសារតែការហាត់ប្រាណជាប្រចាំ និងទៀងទាត់។ លុះដល់ឆ្នាំ២០០៤ លោកបានសម្ដែងក្នុងបទចម្រៀងមួយបទមានចំណងជើងថា “ឪពុក” ដោយយកកូនប្រុសច្បងរបស់ខ្លួនមកសម្ដែងផ្ទាល់ ទើបធ្វើឱ្យទស្សនិកជនមានការគាំទ្រកាន់តែច្រើនឡើង ហើយបានដឹងកាន់តែច្បាស់ថាតារាប្រុសរូបនេះមាន ប្រពន្ធ និងកូន៣នាក់រួចទៅហើយ។ ក្នុងនោះកូនប្រុសច្បងរបស់លោកមានឈ្មោះថា សុវត្ថិ មុន្និវណ្ណ អាយុ២៤ឆ្នាំ  កូនទីពីរ សុវត្ថិ មុន្នីនាគ អាយុ ២២ ឆ្នាំ និងកូនពៅ សុវត្ថិ សេរីវុឌ្ឍ អាយុ១៩ឆ្នាំ ពួកគេទាំងបីមិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហានោះទេ ថែមទាំងមានសមត្ថភាព និងមានទេពកោសល្យក្នុងវិស័យសិល្បៈដូចជាឪពុករបស់ពួកគេ ដោយកាលពីដើមឆ្នាំ២០១៨ កូនប្រុសរូបសង្ហាទាំងបីនាក់នេះ ពួកគេត្រូវបានផលិតកម្មហង្សមាស ប្រកាសជាតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន ក្នុងនោះមានបទចម្រៀងមានចំណងជើងថា “កែវភ្នែក”  “ហេតុអ្វីចាកចោលបង” “សុំខុសមួយយប់”  និងបទ”WELCOME TO PHNOM PENH” ជាដើម៕ ដោយ សហការី KBN