ប្រទេសថៃ៖ មុខសញ្ញាចោរពីរនាក់បានឈប់ឡាននៅមុខផ្ទះអ្នកស្រុកបម្រុងនឹងគាស់បង្អួចចូលទៅលួចរបស់ តែត្រូវរត់ចែកជើងគ្នា ព្រោះតែបានឮសម្លែងមានម្ចាស់ផ្ទះនៅខាងក្នុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ករណីនៃក្រុមចោរចំនួនពីរនាក់បម្រុងនឹងចូលលួចក្នុងផ្ទះរបស់អ្នកភូមិ ស្ថិតនៅក្នុងភូមិ ៧ ឃុំថាប់ម៉ា ស្រុកមឿងរ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ដោយបុរសពីរនាក់ដែលជាក្រុមចោបានឈប់ឡានពណ៌ខ្មៅលើផ្លូវមុខផ្ទះរបស់លោក វិច្ឆ័យ អាយុ ៥២ឆ្នាំ ដែលក្រុមចោរទាំងពីរនាក់នោះបានដើរចេញពីឡានហើយក៏បានសំដៅចូលមកផ្ទះរបស់គាត់ ស្រាប់តែចូលមកដល់មាត់បង្អួចកញ្ចក់ក៏បម្រុងបើកបង្អួចនោះផ្លោះចូលក្នុងគោលបំណងចង់លួចរបស់មានតម្លៃ ខណៈពេលបម្រុងនឹងចូលហើយស្រាប់តែគេបានឃើញចោរទាំងពីនាក់នោះស្លន់ស្លោ ព្រមទាំងរត់ចែកជើងគ្នាយ៉ាងទាន់ហន់ភ្លាមៗចេញផ្ទះពីនោះ។

ក្នុងនោះគេក៏បានបញ្ជាក់ផងដែរថាមូលហេតុដែលធ្វើឱ្យក្រុមចោរទាំងពីរនាក់រត់ចាកចេញពីផ្ទះលោកវិច្ឆ័យ ទាំងដែលមិនទាន់បានចូលទៅលួចរបស់បានសម្រេច ក៏ព្រោះតែពួកគេឮសម្លែងម្ចាស់ផ្ទះនៅខាងក្នុង ដោយពីដំបូងពួកគេគិតស្មានថាគ្នានម្ចាស់នៅ។

យ៉ាងណាមិញម្ចាស់ផ្ទះលោកវិច្ឆ័យ និងអ្នករស់នៅក្នុងតំបន់នេះក៏បានអំពាវនាវដល់អាជ្ញាធរក្នុងតំបន់ជួយដោះស្រាយ និងការពារភាពអសន្តិសុខនេះផង ព្រោះករណីបែបនេះតែងតែកើតមានជាញឹកញាប់មិនចេះដាច់ ហើយក៏សូមក្រើនរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្តខ្ពស់ ជាពិសេសក្នុងពេលចូលឆ្នាំខាងមុខនេះ៕ ប្រភព៖ Kapook