ប្រទេសថៃ៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលក្រោយពីអ្នកភូមិបាត់ ឆ្កែ មាន់ ទាជាច្រើនស្រាប់តែប្រទះឃើញនូវពស់ថ្លាន់ធំៗចំនួន៣ក្បាលសំងំលាក់ខ្លួននៅក្នុងគុម្ពឬស្សីក្បែរភូមិអ្នកស្រុកយ៉ាងសុខសាន្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosos។

ហេតុការណ៍ដែលបានប្រទះឃើញនូវពស់ថ្លាន់ដ៏ធំទាំងបីក្បាលនេះស្ថិតនៅក្នុងភូមិ NongKhaikai ឃុំ Banprak ស្រុក Merngbrachinbori ខេត្ត Brachinbori ដែលដំបូងឡើយអ្នកភូមិមានចម្ងល់ជាខ្លាំងព្រោះតែពួកគេតែងតែបាត់នូវសត្វចិញ្ចឹម ជារៀងរាល់ថ្ងៃ ដូចជាឆ្កែ មាន់ ទាជាដើម តែក្រោយមកមានអ្នកភូមិម្នាក់បានប្រះឃើញពស់ថ្លាន់ធំៗដ៏ទៅ៣ក្បាលនៅក្នុងគុម្ពឬស្សី បន្ទាប់ពីបានដឹងដំណឹងនេះមេភូមិ និងអាជ្ញាធរក៏បានចុះទៅទីតាំងផ្ទាល់ដើម្បីមានវិធានការក្នុងការចាប់ពស់ថ្លាន់បីក្បាលនោះទៅព្រលែងនៅក្នុងព្រៃឱ្យឆ្ងាយពីទីតាំងអ្នកភូមិរស់នៅ។ ការចុះទៅចាប់ពស់ទាំង៣ក្បាលនោះគេបានប្រើរយៈពេលរហូតដល់ទៅ៣ម៉ោង ជាពិសេសគេបានឱ្យដឹងថាពស់នីមួយមានប្រវែងរហូតទៅដល់៣ម៉ែត្រ ដែលមាន២ក្បាលជាពស់ញី និងមួយក្បាលទៀតជាពស់ឈ្មោល ហើយក្នុងនោះពួកវាមានពងក្នុងសំបុករហូតទៅដស់៦០គ្រាប់ថែមទៀតផង។

ក្រោយពីធ្វើការចាប់ពស់បានហើយអាជ្ញាធរបានប្រគល់ពស់ថ្លាន់ទាំង៣ក្បាលរួម និង ពងចំនួន ៦០ គ្រាប់ ទៅឱ្យមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃខេត្ត Nakhon Nayok  ដើម្បីឱ្យបុគ្គលិកជួយថែរក្សាវាជាបណ្ដោះអាសន្នសិន ​មុននឹងយកទៅព្រលែងក្នុងព្រៃធំ។

យ៉ាងណាមិញអ្នកភូមិពិតជាមានក្ដីរីករាយជាខ្លាំងក្រោយរកមូលហេតុនៃការបាត់សត្វចិញ្ចឹមក្នុងភូមិជាច្រើនកន្លងមកនេះ៕ ប្រភព៖ Khaosod